អន្តរជាតិ

ថ្មីទៀតហើយ! ប្រទេសចិនបានរាយការណ៍ពីករណីជំងឺផ្ដាសាយបក្សី H3N8 កើតនៅលើមនុស្សជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
April 27, 2022

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍ថា អាជ្ញាធរនៃប្រទេសចិន បានរកឃើញករណីជំងឺផ្ដាសាយបក្សី H3N8 កើតលើមនុស្សជាលើកដំបូងបំផុត ប៉ុន្តែបាននិយាយថា ជំងឺនេះមានហានិភ័យទាបណាស់ នៅក្នុងការចម្លងរីករាលដាលទ្រង់ទ្រាយធំ។ គណៈកម្មាធិការសុខភាពជាតិចិន (NHC) បាននិយាយថា អ្នកជំងឺរូបនោះគឺជាក្មេងប្រុសម្នាក់ ដែលមានអាយុ ៤ឆ្នាំ រស់នៅក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។ ក្មេងប្រុសម្នាក់នោះបានចេញអាការគ្រុនក្ដៅ និងរោគសញ្ញាមួយចំនួន កាលពីដើមខែមេសា ហើយក្រោយមកបានបញ្ជាក់ថា បានឆ្លងជំងឺផ្ដាសាយបក្សី H3N8 ។

NHC បាននិយាយថា ក្មេងប្រុសបានឆ្លងជំងឺនេះដោយផ្ទាល់ពីសត្វបក្សី ដោយសារគ្រួសាររបស់គាត់ចិញ្ចឹមសត្វស្លាបទាំងនោះ ហើយគាត់ក៏ស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយសត្វស្លាបផងដែរ។ NHC បានប្រាប់ឱ្យពលរដ្ឋនៅឱ្យឆ្ងាយពីសត្វបក្សីដែលងាប់ ឬឈឺ ហើយគួរប្រញាប់ស្វែងរកការពិនិត្យពីគ្រូពេទ្យ ប្រសិនបើពួកគេមានចេញរោគសញ្ញាគ្រុនក្តៅ ឬបញ្ហាផ្លូវដង្ហើមណាមួយ។ យ៉ាងណាក៏ដោយ NHC បានបញ្ជាក់ថា អ្នកដែលបានប៉ះពាល់ក្មេងប្រុសមានសុខភាពល្អជាធម្មតា ហើយក៏ពុំមានភស្តុតាងណាមួយដែលថា ជំងឺផ្ដាសាយបក្សី H3N8 អាចចម្លងពីមនុស្សទៅមនុស្សនោះដែរ។

គួរឱ្យដឹងដែរថា ជំងឺផ្ដាសាយបក្សី H3N8 មានវត្តមានចាប់តាំងពីឆ្នាំ២០០២ មកម៉្លេះ នៅតំបន់អាមេរិកខាងជើង ហើយមិនមែនឆ្លងចំពោះតែសត្វស្លាបមួយមុខនោះទេ។ ជាក់ស្ដែងជំងឺនេះ អាចចម្លងរីករាលដាលក្នុងចំណោមសត្វដូចជា៖ សេះ ឆ្កែ និងឆ្មាទឹក ជាដើម ប៉ុន្តែវាកម្រក្នុងការឆ្លងមកមនុស្សខ្លាំងណាស់។ វាខុសពីគ្រួសារគ្រុនផ្ដាសាយបក្សីផ្សេងទៀតដូចជា៖ ជំងឺផ្តាសាយបក្សី H5N1 ដែលត្រូវបានគេរកឃើញក្នុងឆ្នាំ១៩៩៧ និង H7N9 ដែលត្រូវបានគេរកឃើញនៅឆ្នាំ២០១៣ ដែលជាអ្នកទទួលខុសត្រូវចំពោះករណីភាគច្រើននៃជំងឺគ្រុនផ្តាសាយបក្សីឆ្លងលើមនុស្ស នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: