ត្បូងពេជ្រពណ៌ខៀវដ៏ធំបំផុតរបស់ពិភពលោកមួយគ្រាប់ ត្រូវបានគេដាក់លក់នៅក្នុងតម្លៃ ៥៧.៥ លានដុល្លារអាមេរិក
- BY
- autoadmin
- April 28, 2022
ត្បូងពេជ្រពណ៌ខៀវដ៏ធំបំផុតរបស់ពិភពលោកមួយគ្រាប់ ឈ្មោះថា «The De Beers Cullinan Blue» ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៧.៥ លានដុល្លារ បន្ទាប់ពីការដាក់ដេញថ្លៃរួច នេះបើតាមការចុះផ្សាយរបស់ CNN ។ វាគឺជាត្បូងពេជ្រដ៏ធំ ដែលមានទំហំ ១៥.១០ ការ៉ាត់ និងត្រូវបានលក់នៅឯក្រុមហ៊ុនដេញថ្លៃ Sotheby’s ក្នុងទីក្រុងហុងកុង បន្ទាប់ពីសង្រ្គាមនៃការដេញថ្លៃរយៈពេល ៨នាទី ក្នុងចំណោមអ្នកទិញធំៗចំនួន ៤នាក់។ តម្លៃខ្ពស់ចុងក្រោយរបស់វាបានហក់ឡើង ៤៨ លានដុល្លារ ហើយក្រោយមកទៀត ក៏ត្រូវបានគេដេញថ្លៃរហូតដល់ ៥៧.៥ លានដុល្លារ ពីអ្នកទិញអនាមិកម្នាក់។

ពេជ្រដ៏កម្រត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ Cullinan របស់អាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០២១ ហើយវាបានទទួលចំណាត់ថ្នាក់ខ្ពស់បំផុត ជាពេជ្រពណ៌ខៀវដ៏ល្អបំផុត។ យោងតាមសេចក្តីថ្លែងការណ៍របស់ Sotheby’s បាននិយាយថា វិទ្យាស្ថាន Gemological Institute of America (GIA) បានចាត់ថ្នាក់ត្បូងពេជ្រពណ៌ខៀវនោះថាជា ពេជ្រមាន «ពណ៌ខៀវរស់រវើក» ខណៈដែលកន្លងមកមានតែ ១% នៃត្បូងពេជ្រពណ៌ខៀវដែលបញ្ជូនមកអង្គការប៉ុណ្ណោះ ដែលត្រូវបានគេផ្ដល់ការវាយតម្លៃខ្ពស់។
សេចក្តីថ្លែងការណ៍របស់ Sotheby បានបន្ថែមថា គិតមកទល់ពេលនេះ មានតែត្បូងពេជ្រចំនួន ៥ គ្រាប់ប៉ុណ្ណោះ ដែលមានទំហំលើសពី ១០ ការ៉ាត់ ហើយធ្លាប់បានបង្ហាញខ្លួននៅក្នុងការដេញថ្លៃ។ គ្មានមួយណាធំជាង ១៥ ការ៉ាត់នោះទេ ដែលធ្វើឱ្យត្បូងពេជ្រពណ៌ខៀវមួយគ្រាប់នេះ កាន់តែមានតម្លៃ និងកម្រជាងគេ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






