អន្តរជាតិ

យ៉ាងហោចណាស់មីស៊ីលរុស្ស៊ីចំនួន ២គ្រាប់ បានវាយប្រហារលើទី​ក្រុង​កៀវសារជាថ្មី កំឡុងពេលប្រធាន​អង្គការ​សហប្រជាជាតិ​ Antonio Guterres កំពុង​បំពេញ​ទស្សនកិច្ច​នៅទីនោះ

BY
autoadmin
April 29, 2022

ពលរដ្ឋនៅក្នុងរដ្ឋធានីកៀវបានរស់នៅដោយស្ងប់ស្ងាត់ ដោយគ្មានការវាយប្រហារពីកងកម្លាំងរុស្ស៊ី អស់រយៈពេលប្រហែលជា ២ សប្ដាហ៍មកហើយ ប៉ុន្តែស្ថានការណ៍បានផ្លាសប្ដូរវិញនៅថ្ងៃព្រហស្បតិ៍នេះ។ មន្ដ្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​មីស៊ីលយ៉ាង​ហោច​ណាស់​ ២​គ្រាប់ ទៅលើអគារកម្ពស់ ២៥ជាន់ នៅក្នុងសង្កាត់ Shevchenko របស់រដ្ឋធានីកៀវ ដែលបណ្តាល​ឱ្យមនុស្ស ១០នាក់ ត្រូវ​រង​របួស​ នៅចំពេល​ដែល​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ (UN) លោក Antonio Guterres កំពុង​បំពេញ​ទស្សនកិច្ច​ដើម្បី​លើកកម្ពស់​សន្តិភាពនៅទីនោះ។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារនេះបង្ហាញពីអាកប្បកិរិយាពិតរបស់រុស្ស៊ី ពួកគេមិនបញ្ចប់ត្រឹមនេះឡើយ ហើយពួកយើងក៏មិនអាចគិតថាវានឹងចប់នោះដែរ។ យ៉ាងណាក៏ដោយ លោក Guterres និងក្រុមរបស់គាត់ នៅមានសុវត្ថិភាពនៅឡើយទេ។

ជម្រាបដែរថា លោក Guterres កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុងកៀវ ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី Zelenskyy ។ ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេបានបញ្ចប់។ លោកប្រធាន Guterres និងលោក Zelenskyy បានពិភាក្សាគ្នាអំពីផែនការរៀបចំច្រករបៀងមនុស្សធម៌ សម្រាប់ជនស៊ីវិលដែលជាប់នៅក្នុងទីក្រុង Mariupol ភាគខាងត្បូង រួមទាំងអ្នកជំរកនៅក្នុងរោងចក្រដែក។ មុន​នេះ លោក ​Guterres ក៏បានជួប​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅក្នុងប្រទេសរុស្ស៊ីផងដែរ ដើម្បីធានា​ផ្លូវសុវត្ថិភាពសម្រាប់ពលរដ្ឋនៅ Mariupol ពីភាគីរុស្ស៊ី។

ពេលមកដល់អ៊ុយក្រែន លោក Guterres ក៏បានឆ្លៀតទៅទស្សនាទីក្រុង Bucha និង Borodyanka ក្បែរនោះ ដែលជាកន្លែងដែលសាកសពរាប់រយត្រូវបានរកឃើញ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញ។ អ្នក​ស្លាប់​ជា​ច្រើន​នាក់ គឺ​ជាពលរដ្ឋគ្មានអាវុធក្នុងដៃ ហើយលោក Guterres បាន​ជំរុញ​មេដឹកនាំ​រុស្ស៊ី​ គួរសហការ​ជាមួយ​អ្នក​ស៊ើបអង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ ABC

Share This Post: