អន្តរជាតិ

ប្រជាជននៅទីក្រុងសៀងហៃច្រើនជាង ១២ លាននាក់ អាចចាកចេញពីផ្ទះរបស់ពួកគេវិញហើយ ក្រោយតំបន់មួយចំនួនត្រូវបានចាត់ថ្នាក់ជាតំបន់មានហានិភ័យទាប

BY
autoadmin
April 29, 2022

រដ្ឋាភិបាលចិននៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ប្រជាជននៅទីក្រុងសៀងហៃចំនួន ១២.៣៨ លាននាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបរបស់ទីក្រុង អាចចាកចេញពីផ្ទះរបស់ពួកគេបានវិញហើយ បន្ទាប់ពីទីតាំងរបស់ពួកគេត្រូវបានចាត់ថ្នាក់ជាតំបន់មានហានិភ័យទាប។ រំលឹកដែរថា ទីក្រុងនេះបានប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសចិន ហើយបានដាក់ទីក្រុងទាំងមូលឱ្យជាប់គាំងនៅដើមខែនេះ ទោះបីជាខ្លួនបានលុបចោលការរឹតបន្តឹងមួយចំនួនលើតំបន់លំនៅដ្ឋាន ដែលគ្មានករណីវិជ្ជមានក្នុងរយៈពេល ២ សប្ដាហ៍ក៏ដោយ។

ទីក្រុងចាត់ថ្នាក់លំនៅដ្ឋាននីមួយៗតាមកម្រិតហានិភ័យចំនួន ៣ ដូចជា៖

– តំបន់ដែលគ្មានករណីវិជ្ជមានជាមួយជំងឺ COVID-19 សម្រាប់រយៈពេល ១៤ ថ្ងៃចុងក្រោយជា «តំបន់ការពារ» ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញទៅក្រៅសម្រាប់សកម្មភាព «សមស្រប» ។
– តំបន់ដែលមានហានិភ័យខ្ពស់ត្រូវបានគេហៅថាជា «តំបន់បិទជិត និងគ្រប់គ្រង» ហើយតំបន់ទាំងនេះ នឹងត្រូវបានគេតាមដាន និងចាត់វិធានការយ៉ាងតឹងរឹងបំផុត។
– តំបន់មានហានិភ័យបង្គួរ ត្រូវបានគេអនុញ្ញាតឱ្យចេញពីផ្ទះ បន្ដែមិនអាចចាក់ចេញក្រៅពីតំបន់របស់ពួកគេទេ។

ទន្ទឹមនឹងនេះ ទីក្រុងបានរាយការណ៍ករណីមិនចេញរោគសញ្ញាថ្មីចំនួន ៩,៥៤៥ ករណី កាលពីថ្ងៃព្រហស្បតិ៍ ខណៈករណីរោគសញ្ញាមានចំនួន ៥,៤៨៧ ករណី។ ជម្រាបដែរថា ជំងឺ COVID-19 បានផ្ទុះឡើងជាលើកដំបូងនៅទីក្រុងវូហាន របស់ប្រទេសចិននៅចុងឆ្នាំ២០១៩ ហើយសម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ អាជ្ញាធរបានគ្រប់គ្រងវាបានយ៉ាងល្អបំផុត ដោយការបិទខ្ទប់ និងការហាមឃាត់ការធ្វើដំណើរ។ ប៉ុន្តែនៅឆ្នាំនេះ វ៉ារ្យ៉ង់អូមីក្រុង ដែលជាប្រភេទរីករាលដាលយ៉ាងឆាប់រហ័ស បានធ្វើឱ្យប្រទេសចិនត្រូវអនុវត្តគោលការណ៍ “zero-COVID” របស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: