កូនកំលោះនៅក្នុងប្រទេសចិនម្នាក់ ត្រូវអង្គុយមើលពិធីអាពាហ៍ពិពាហ៍របស់ខ្លួនតាមរយៈ Live Stream ដោយសារការដាក់វិធានការភ្លាមៗទប់ស្កាត់ជំងឺកូវីដ១៩
- BY
- autoadmin
- April 29, 2022
កូនកំលោះនៅក្នុងប្រទេសចិនម្នាក់ ត្រូវបង្ខំចិត្តមើលពិធីអាពាហ៍ពិពាហ៍របស់គាត់តាមរយៈ Live Stream លើទូរស័ព្ទដៃរបស់គាត់ ដោយសារតែការចាត់វិធានការភ្លាមៗទាក់ទងនឹងជំងឺ COVID-19 នេះបើតាមការចុះផ្សាយដោយ Insider ។ នៅក្នុងវីដេអូមួយ ដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេឃើញបុរសម្នាក់នៅក្នុងឈុតអាពាហ៍ពិពាហ៍របស់គាត់ បានអង្គុយញញឹមនៅលើខឿនផ្លូវ ខណៈកំពុងមើលកូនក្រមុំរបស់គាត់ដើរលើកម្រាលព្រំតាមរយៈ Live Stream ។ ចំណែកឯអ្នកដែលថតវីដេអូឱ្យគាត់ ក៏បាននិយាយបែបលេងសើចថា៖ «ពិធីមង្គលការបានចាប់ផ្ដើមហើយ ប៉ុន្តែកូនកំលោះនៅខាងក្រៅរោងការ»។

រឿងនេះបានទទួលភាពល្បីល្បាញពេញបណ្ដាញសង្គមចិន Weibo ជាមួយនឹង hashtag «កូនកំលោះមិនបានធ្វើតេស្តរកជំងឺ COVID-19 ហើយត្រូវមកអង្គុយនៅខាងក្រៅរោងការ ដើម្បីមើល Live Stream ពិធីមង្គលការរបស់ខ្លួន» ហើយវីដេអូរបស់កូនកំលោះម្នាក់នោះ បានទទួលការចូលមើលជាង ២១០ លានដងឯណោះ។
កូនកំលោះម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះថាលោក Deng រស់នៅតំបន់ Xinjiang ភាគពាយព្យនៃប្រទេសចិន ហើយគាត់បានពន្យល់ថា មូលហេតុដែលគាត់មិនអាចចូលរួមពិធីអាពាហ៍ពិពាហ៍របស់គាត់បាន គឺដោយសារសំបុត្របញ្ជាក់ពីការធ្វើតេស្ដ PCR រកមើលជំងឺ COVID-19 របស់គាត់បានហួសសុពលភាព ហើយគាត់ត្រូវទៅធ្វើតេស្ដម្ដងទៀត ដើម្បីអាចចូលរួមពិធីមង្គលការរបស់ខ្លួនបាន។ លោក Deng បាននិយាយថា ដំបូងឡើយការតេស្ដ PCR របស់គាត់ អាចមានសុពលភាពក្នុងរយៈពេល ៤ថ្ងៃ នៅមុនថ្ងៃមង្គលការរបស់គាត់ ប៉ុន្តែដោយសារការផ្លាស់ប្ដូរវិធានការភ្លាមៗ បានធ្វើឱ្យសុពលភាពការធ្វើតេស្ដត្រូវបន្ថយនៅត្រឹម ៤៨ ម៉ោងវិញ។
ដូច្នេះគាត់ត្រូវប្រញាប់ទៅគ្លីនីកដែលនៅជិតបំផុត ដើម្បីធ្វើតេស្ដមួយផ្សេងទៀត ដែលធ្វើឱ្យគាត់ត្រូវខកខាន មិនអាចចូលទៅក្នុងអគារពិធីរបស់គាត់បាន ហើយមានភ្ញៀវរបស់គាត់ប្រមាណជា ២០នាក់ ក៏ត្រូវជាប់គាំងដូចគ្នា។ យ៉ាងណាក៏ដោយ ទីបំផុតគាត់អាចចូលទៅក្នុងអាគារបាន នៅម៉ោង ៤ និង ៤៣ នាទីល្ងាច ខណៈដែលពិធីត្រូវចាប់ផ្តើមតាំងតែពីម៉ោង ២ រសៀលម្ល៉េះ ហើយគូស្នេហ៍ទាំង ២ ក៏បានរៀបការជាមួយគ្នានៅម៉ោង ៦ល្ងាច ៕
អត្ថបទ៖ លីដា
ប្រភព៖ Insider
- Share This Post:






