ប្រទេសជប៉ុនបានរកឃើញសំបកទូកទេសចរណ៍ Kazu I ដែលបានបាត់ខ្លួនជិតមួយសប្ដាហ៍ និងឆក់យកជីវិតអ្នកដំណើរអស់ ១៤នាក់
- BY
- autoadmin
- April 29, 2022
ឆ្មាំសមុទ្រជប៉ុននៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ទូកទេសចរណ៍ Kazu I ដែលបានបាត់ខ្លួនអស់រយៈពេល ៦ថ្ងៃ និងបានធ្វើឱ្យអ្នកដំណើរចំនួន ១៤នាក់ស្លាប់ ពេលនេះត្រូវបានគេរកឃើញវិញហើយ។ ឆ្មាំសមុទ្របាននិយាយថា សំបករបស់ Kazu I ត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ក្នុងជម្រៅប្រហែល ១២០ ម៉ែត្រ ពីភាគខាងជើងនៃកោះ Hokkaido នៅក្នុងទឹកជ្រៅដ៏ខ្មៅងងឹត នេះបើតាមការបង្ហាញនៅក្នុងវីដេអូពីកាមេរ៉ាក្រោមទឹករបស់កងកម្លាំងការពារដែនសមុទ្រ។

ទូកទេសចរណ៍ Kazu I បានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ជាច្រើនម៉ោងបន្ទាប់ពីការចេញដំណើរ សម្រាប់ដំណើរកម្សាន្តនៅឧបទ្វីប Shiretoko ដែលល្បីល្បាញដោយសារទេសភាពឆ្នេរសមុទ្រ និងសត្វព្រៃដ៏ស្រស់ស្អាតរបស់វា។ អ្នកជិះលើទូកទាំងអស់មាន ២៦ នាក់ រួមទាំងកុមារ ២នាក់ និងនាវិក ២នាក់ ហើយក្នុងនោះផងដែរ មានមនុស្សចំនួន ១៤នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់។ ក្រុមមន្ត្រីបាននិយាយថា គេអាចកំណត់អត្តសញ្ញាណវាថាជា Kazu I ដោយសារវាមានអក្សរដែលបញ្ជាក់ថា ជាឈ្មោះរបស់ទូក ហើយឆ្មាំសមុទ្រជប៉ុនកំពុងស៊ើបអង្កេតស្ថានភាពទូកឱ្យបានលម្អិតជាងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






