អន្តរជាតិ

រុស្ស៊ីដាក់ពង្រាយទាហានសត្វត្រីដូហ្វីន នៅសមុទ្រខ្មៅ ដើម្បីការពារអ្នកមុជទឹកអ៊ុយក្រែន និងទុកបំផ្លាញនាវាចម្បាំង

BY
autoadmin
May 2, 2022

ប្រទេសរុស្ស៊ីបានដាក់ពង្រាយទាហានសត្វត្រីដូហ្វីន ដែលបានហ្វឹកហាត់នៅមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន ចូលទៅក្នុងសមុទ្រខ្មៅ នៅចំពេលដែលប្រទេសនេះកំពុងឈ្លានពានប្រទេសអ៊ុយក្រែន នេះបើយោងតាមការពិនិត្យឡើងវិញរបស់វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក (USNI) លើរូបភាពផ្កាយរណប។ USNI ដែលជាវេទិកាឯករាជ្យមួយ សម្រាប់បញ្ហាការពារដែនសមុទ្រ និងសន្តិសុខបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីបានដាក់ពង្រាយត្រីដូហ្វីនចល័តចំនួន ២ នៅច្រកចូលកំពង់ផែ Sevastopol ក្បែរចុងភាគនិរតីនៃតំបន់គ្រីមៀ ក្នុងខែកុម្ភៈ។

យោងតាមអ្នកវិភាគកងទ័ពជើងទឹកបានឱ្យដឹងថា សត្វត្រីដូហ្វីនទាំងនោះអាចនឹងមានភារកិច្ចការពារអ្នកមុជទឹកអ៊ុយក្រែនពីការជ្រៀតចូលកំពង់ផែ Sevastopol និងបំផ្លាញនាវាចម្បាំងនៅទីនោះ។ ជម្រាបដែរថា Sevastopol គឺជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់សម្រាប់វិមានក្រឹមឡាំង ដោយសារតែវានៅជិតតំបន់គ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ២០១៤។

វាមិនមែនជាលើកទី១នោះទេ ដែលត្រីដូហ្វីនត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធា។ ជាក់ស្ដែងកាលពីក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀត និងសហរដ្ឋអាមេរិក បានហ្វឹកហាត់សត្វផ្សោត ដើម្បីស្វែងរកអ្នកមុជទឹក និងមីនរបស់សត្រូវ។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ក្នុងឆ្នាំ១៩៩១ កម្មវិធីហ្វឹកហាត់ត្រីដូហ្វីនត្រូវបានផ្ទេរទៅអ៊ុយក្រែន ប៉ុន្តែបានធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ីវិញ បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀ។

កាលពីមុន កិច្ចព្រមព្រៀងជួលរវាងប្រទេសទាំង ២ មានន័យថា អ៊ុយក្រែន និងរុស្ស៊ី បានចែករំលែកមូលដ្ឋានយុទ្ធសាស្ត្រជាមួយគ្នា ប៉ុន្តែរុស្ស៊ីបាននិយាយថា កិច្ចព្រមព្រៀងនេះលែងអនុវត្តទៀតហើយ នៅពេលដែលតំបន់គ្រីមៀក្លាយជាទឹកដីរបស់រុស្ស៊ី។ សត្វផ្សេងៗទៀតក៏ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម និងបរិវារក្នុងសង្គ្រាមផងដែរ។ ដូចជាសត្វកណ្ដុរត្រូវបានបណ្តុះបណ្តាលឱ្យចេះហិតគ្រាប់មីន នៅអតីតសមរភូមិក្នុងប្រទេសកម្ពុជា ហើយសត្វព្រាប ក៏ត្រូវបានគេប្រើប្រាស់ដើម្បីយកសារសំខាន់ៗ ក្នុងអំឡុងពេលប្រយុទ្ធក្នុងសង្គ្រាមលោកលើកទីមួយ៕


អត្ថបទ៖ លីដា
ប្រភព៖ NBC News , DW

Share This Post: