អគ្គីភ័យដ៏ធំមួយនៅហ្វីលីពីនបានបំផ្លាញផ្ទះពលរដ្ឋអស់ចំនួន ៨០ខ្នង និងឆក់យកជីវិតមនុស្សអស់ ៨នាក់
- BY
- autoadmin
- May 2, 2022
មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សចំនួន ៨នាក់ រួមមានកុមារចំនួន ៦នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះផ្ទះជាច្រើន នៅជិតរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន។ អគ្គីភ័យបានចាប់ផ្តើមម៉ោងប្រហែល ០៥:០០ នាទី ម៉ោងក្នុងស្រុក នៅថ្ងៃច័ន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ ហើយវាបានបន្ដឆាបឆេះ និងបានបំផ្លាញផ្ទះពលរដ្ឋអស់ប្រមាណ ៨០ ខ្នង ខណៈប្រើពេលជិត ២ម៉ោង ទើបពន្លត់អស់។ ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះជាន់ទី២ ក្នុងបរិវេណនៃសាកលវិទ្យាល័យហ្វីលីពីន ក្នុងទីក្រុង Quezon ហើយមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ។

គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនគឺជាប្រទេសមួយ ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅលើពិភពលោក ហើយរដ្ឋធានីរបស់ប្រទេសនេះ មានប្រជាជនរស់នៅផ្ដុំគ្នាយ៉ាងច្រើន នៅក្នុងរង្វាស់ខ្នាតមួយគីឡូម៉ែត្រការ៉េ ដែលជាហេតុទីក្រុងនេះងាយនឹងរងហានិភ័យផ្សេងៗក្រៅពីគ្រោះធម្មជាតិ។ តំបន់ Metro Manila ដែលរួមមានរដ្ឋធានី, ក្រុង Quezon និងទីក្រុងផ្សេងទៀត គឺមានប្រជាជនប្រហែល ១៣ លាននាក់។ មនុស្សរាប់ម៉ឺននាក់បានរស់នៅក្នុងសហគមន៍ចង្អៀត ដែលធ្វើឱ្យមានភ្លើងឆេះជាញឹកញាប់៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






