អន្តរជាតិ

សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានស្នើសុំធ្វើដំណើរទៅទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន

BY
autoadmin
May 3, 2022

សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានមានប្រសាសន៍ថា ព្រះអង្គបានស្នើសុំធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ចង់ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់បានទទួលដំណឹងមកវិញនៅឡើយទេ។ សម្តេចប៉ាបរូបនេះ បានប្រាប់កាសែតអ៊ីតាលី Corriere della Sera ថា គាត់បានផ្ញើសារទៅវិមានក្រឹមឡាំង ២០ថ្ងៃ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី តាមរយៈអ្នកការទូតកំពូលរបស់បុរីវ៉ាទីកង់ (Vatican City)។

វាជាលើកទីមួយហើយ ដែលសម្ដេចប៉ាប ហ្វ្រង់ស៊ីស បានលើកឡើងពីប្រទេសរុស្ស៊ី ឬឈ្មោះលោក ពូទីន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែនជាង ២ ខែមុន។

សម្តេច​ប៉ាប​ក៏​បាន​និយាយ​ដែរ​ថា ថ្មីៗ​នេះ​គាត់​បាន​ហៅ​ទូរសព្ទ​តាមកម្មវិធី Zoom រយៈពេល ៤០ នាទី ​ជាមួយ​នឹង​ប្រធាន​ព្រះវិហារ​គ្រិស្តអូស្សូដក់នៅប្រទេសរុស្ស៊ី (Orthodox) ប៉ុន្តែសម្តេចសង្ឃ Kirill ដែលជាប្រធាន​ព្រះវិហារគ្រិស្ដមួយនោះ បានគាំទ្រសង្រ្គាមរបស់លោក ពូទីន ទៅវិញ។ សម្តេចសង្ឃ Kirill គាត់បានចំណាយពេល ២០ នាទី ក្នុងការលើកឡើងហេតុផលនៃការគាំទ្ររបស់គាត់ ប៉ុន្តែសម្តេចប៉ាបបាននិយាយថា បុព្វជិត មិនអាចប្រែខ្លួនទៅជាមនុស្សរណបរបស់ ពូទីន បានទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: