លោក អេម៉ានុយអែល ម៉ាក្រុង និងលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេល ២ម៉ោង ជុំវិញបញ្ហានៅអ៊ុយក្រែន
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន តាមទូរស័ព្ទជាលើកដំបូង ក្នុងរយៈពេលប្រហែលមួយខែចុងក្រោយនេះ។ ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោក ម៉ាក្រុង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីតំបន់ Mariupol និងស្ថានភាពនៅភាគខាងកើតអ៊ុយក្រែន ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃអង្គារ។ វិមាន Elysee ក៏បាននិយាយថា លោក ម៉ាក្រុង បានជំរុញឱ្យភាគីរុស្ស៊ីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិល ចេញពីរោងចក្រដែកនៅតំបន់ Mariupol ដែលត្រូវបានយោធារុស្ស៊ីឡោមព័ទ្ធ។

ការិយាល័យរបស់លោក ម៉ាក្រុង បានបន្ថែមថា ប្រធានាធិបតីបារាំងក៏បានអំពាវនាវឱ្យរុស្ស៊ី រស់នៅតាមទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក ពូទីន បានកត់សម្គាល់ថា ប្រទេសសមាជិកសហភាពអឺរ៉ុបមិនអើពើនឹងការបាញ់ផ្លោងដោយកងកម្លាំងអ៊ុយក្រែននៅភាគខាងកើតអ៊ុយក្រែន ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិតនោះទេ។ វិមានក្រឹមឡាំងក៏បាននិយាយផងដែរថា លោក ពូទីន បានប្រាប់សមភាគីបារាំងរបស់គាត់ថា លោកខាងលិចអាចជួយបញ្ឈប់ «អំពើឃោរឃៅ» ទាំងនេះដោយការបញ្ឈប់ការផ្តល់អាវុធដល់អ៊ុយក្រែន។ ការសន្ទនាតាមទូរស័ព្ទត្រូវបានគេរាយការណ៍ថា មានរយៈពេលជាងពីរម៉ោង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK