អន្តរជាតិ

ប្រទេសកូរ៉េ​ខាង​ជើង​បាន​បាញ់​​មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ខាង​កើត

BY
autoadmin
May 4, 2022

យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ប្រហែលមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានប្តេជ្ញាថា ខ្លួននឹងអភិវឌ្ឍកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ក្នុងល្បឿនលឿនបំផុត»។ ការបាញ់បង្ហោះដែលជាការសាកល្បងមីស៊ីលលើកទី១៤ របស់កូរ៉េខាងជើងនៅឆ្នាំនេះ បានកើតឡើងប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភា ឆាប់ៗនេះ។

ព័ត៌មាន​លម្អិត​នៃ​មីស៊ីល រួម​ទាំង​រយៈ​ចម្ងាយ​ហោះហើរ និង​រយៈកម្ពស់​របស់​វា នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ភ្លាមៗ​នោះទេ ប៉ុន្តែឆ្មាំសមុទ្រជប៉ុនបាននិយាយថា វាអាចជាមីស៊ីលផ្លោង។ រំលឹកផងដែរថា កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា លោកនឹងពន្លឿនការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ប្រទេសលោក ខណៈដែលកំពុងត្រួតពិនិត្យក្បួនដង្ហែរយោធាដ៏ធំ ស្របពេលដែលកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនៅតែជាប់គាំង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: