អន្តរជាតិ

អស់ពីដំឡើងរបងព័ទ្ធជុំវិញអគារ ឥលូវអាជ្ញាធរចិនប្រើវិធានការក្តៅ ដោយចងខ្សែលួសតាមទ្វារផ្ទះនីមួយៗមិនឱ្យពលរដ្ឋចេញមកក្រៅ ដើម្បីទប់ស្កាត់កូវីដ (មានវីដេអូ)

BY
autoadmin
May 4, 2022

ប្រទេសចិនកំពុងប្រឈមនឹងការកើនឡើងថ្មីៗនៃករណីជំងឺ COVID-19 ដែលធ្វើឱ្យអាជ្ញាធរនៅក្នុងតំបន់ជាច្រើន ចាំបាច់ត្រូវដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបំផុត ឱ្យស្របទៅនឹងគោលការណ៍ «Zero-COVID-19» របស់ប្រទេសនេះ។ កន្លងមក យើងធ្លាប់បានដឹងហើយថា មន្ត្រីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសចិន បានដំឡើងរបងព័ទ្ធជុំវិញតំបន់ ឬអគារ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងថ្មីៗ។ ប៉ុន្ដែឥឡូវនេះ វាកាន់តែប្លែកខ្លាំងជាងមុនទៅទៀត ដោយក្រុមមន្ត្រីបានធ្វើការចងខ្សែលួស នៅពីលើសោរទ្វារផ្ទះរបស់ពលរដ្ឋតែម្ដង ដើម្បីទប់ស្កាត់ពួកគេពីការចេញទៅក្រៅ ដែលអាចនាំឱ្យមានការចម្លងរាតត្បាតនៃជំងឺ COVID-19 ។

ជាក់ស្ដែងមានវីដេអូមួយ ដែលបានបង្ហោះដោយសារព័ត៌មាន South China Morning Post បានឱ្យឃើញថា ក្រុមមន្ត្រីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសចិន បានធ្វើការចងខ្សែលួសជាប់គន្លិះទ្វារ ពីខាងក្រៅផ្ទះរបស់ពលរដ្ឋ ហើយមានខ្លះទៀតបានស្វានដាក់ប៊ូឡុងដែកនៅមាត់ទ្វារ ដើម្បីចងខ្សែលួស ឬដាំដែកទល់ទ្វារពីខាងក្រៅ។ យ៉ាងណាក៏ដោយ ក្រោយពីវីដេអូនេះបានលេចឡើង អាជ្ញាធរនៅខេត្ត Hebei បានចេញសារមួយនៅលើបណ្ដាញ WeChat ថា ខ្លួននឹងធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ ហើយបាននិយាយថា ដោយសារស្រុកមួយចំនួនបានដាក់វិធានការតឹងរ៉ឹងពេក ពួកគេនឹងរិះរកវិធាការផ្សេងដែលធូរស្រាលជាងនេះ។

មហាជនខ្លះក៏បានបញ្ចេញមតិរបស់ពួកគេ ដោយបាននិយាយថា វិធានការនេះពិតជាមានគ្រោះថ្នាក់ចំពោះពលរដ្ឋខ្លាំងណាស់ ព្រោះថា បើមានអគ្គិភ័យកើតឡើង តើនរណានឹងរត់មកដោះខ្សែលួសទាំងនោះឱ្យពួកគេបាន៕

អត្ថបទ៖ លីដា
ប្រភព៖ South China Morning Post

Share This Post: