ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃណែនាំពលរដ្ឋអោយប្រុងប្រយ័ត្ន ក្រោយក្រដាសប្រាក់ 1,000 បាតក្លែងក្លាយរាប់សិបសន្លឹកត្រូវបានរកឃើញនៅខេត្ត Nonthaburi

    BY autoadmin May 4, 2022
    ថៃណែនាំពលរដ្ឋអោយប្រុងប្រយ័ត្ន ក្រោយក្រដាសប្រាក់ 1,000 បាតក្លែងក្លាយរាប់សិបសន្លឹកត្រូវបានរកឃើញនៅខេត្ត Nonthaburi

    ថៃ៖ កាលពីថ្ងៃទី០៣ ខែឧសភា កន្លងមក តាមប្រភពព័ត៌មានរបស់ sanook បានអោយដឹងថា មានករណីក្រដាសប្រាក់ ១០០០បាតក្លែងក្លាយ កំពុងតែចរាចរណ៍ម្តងទៀតនៅលើទីផ្សារ បណ្តាលអោយមានជនរងគ្រោះមួយចំនួនបានរងគ្រោះ ដោយសារករណីនេះ ជាក់ស្តែងកាលពីថ្ងៃទី០១ ខែឧសភា កន្លងមក តម្រួតថៃបានរកឃើញក្រដាសប្រាក់បាតក្លែងក្លាយ នៅឯផ្សារ Pruksa 3 ខេត្ត Nonthaburi ចំនួនជាង ២០សន្លឹក។

    លោក Thanakorn Wangboonkongchana អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា «បន្ទាប់ពីករណីដែលបានកើតឡើងខាងលើ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានផ្តាំអោយដាស់តឿនដល់ប្រជាពលរដ្ឋ ជាពិសេសបណ្តាអ្នកលក់ដូរនៅតាមផ្សារ អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការត្រួតពិនិត្យក្រដាសប្រាក់ ជាពិសេសក្រដាសប្រាក់ដែលមានតម្លៃខ្ពស់» ព្រមទាំងអំពាវនាវអោយប្រជាពលរដ្ឋគ្រប់រូប មេត្តាចំណាយពេលវេលាត្រួតពិនិត្យក្រដាសប្រាក់ អោយបានច្បាស់ជាមុនសិន។ ដើម្បីមិនអោយធ្លាក់ជាជនរងគ្រោះនៃក្រុមក្លែងបន្លំក្រដាសប្រាក់ ថែមទាំងស្នើសុំអោយមានកិច្ចសហប្រតិបត្តិការជាសាធារណៈ ប្រសិនបើរកឃើញក្រដាសប្រាក់ក្លែងក្លាយ កុំនាំយកក្រដាសប្រាក់ក្លែងក្លាយមកប្រើម្តងទៀត ព្រោះវាខុសច្បាប់ ហើយសុំអោយសរសេរពាក្យថា ក្លែងក្លាយនៅលើក្រដាសប្រាក់នោះ ដើម្បីញែកអោយដាច់ពីក្រដាសប្រាក់ពិតប្រាកដ រួចទាក់ទងប្តឹងទៅកាន់សមត្ថកិច្ច។

    លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់យ៉ាងច្បាស់ត្រូវតែស្វែងរកជនសង្ស័យ ដែលបង្កបញ្ហាដល់សង្គម អោយខានតែបាន ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់។ តាមច្បាប់ប្រទេសថៃ អ្នកដែលក្លែងបន្លំក្រដាសប្រាក់ គឺត្រូវមានទោសជាប់ពន្ធនាគារ មួយជីវិត រឺ ចាប់ពី ១០ឆ្នាំទៅ២០ឆ្នាំ រួមទាំងការផាកពិន័យជាទឹកប្រាក់ចំនួន ២០០,០០០បាត ទៅ ៤០០,០០០បាត (ប្រមាណជា៦ពាន់ដុល្លារ ទៅ១២មុឺនដុល្លារ) យោងតាមក្រមច្បាប់ព្រហ្មទណ្ឌ មាត្រា ២៤០។

    ចំណែក​អ្នក​ប្រើ​ក្រដាស​ប្រាក់​ក្លែងក្លាយ ដោយ​ដឹង​ថា​ ក្រដាសប្រាក់នោះក្លែងក្លាយ ប៉ុន្តែតែបន្តចាយ ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ​ដល់ ១៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២០,០០០-៣០០,០០០បាត (ជាង ៦០០ដុល្លារ-៩,០០០ដុល្លារ យោងតាមមាត្រា ២៤៤ នៃក្រមព្រហ្មទណ្ឌ៕

    អត្ថបទ៖ Bee

    ប្រភព៖ sanook

    Share This Post: