អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា ចំនួនអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ ខ្ពស់ជាងចំនួនដែលបានរាយការណ៍ ៣ដង
- BY
- autoadmin
- May 6, 2022
អង្គការសុខភាពពិភពលោកនិយាយថា មនុស្សប្រហែល ១៤.៩ លាននាក់ បានស្លាប់នៅទូទាំងពិភពលោក ដោយសារមូលហេតុទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយជំងឺ COVID-19 ក្នុងឆ្នាំ២០២០ និង២០២១។ នោះគឺជិត ៣ដង នៃចំនួនអ្នកស្លាប់ដោយសារជំងឺ ដែលបានរាយការណ៍ដោយប្រទេសនានា សម្រាប់រយៈពេល ២ ឆ្នាំនោះ។ WHO និយាយថា តួលេខនេះរាប់បញ្ចូលទាំងអ្នកស្លាប់ ដែលបណ្តាលមកពីភាពមិនមានសេវាសុខភាពសម្រាប់លក្ខខណ្ឌផ្សេងៗក្រៅពីជំងឺ COVID-19 នៅពេលដែលប្រព័ន្ធវេជ្ជសាស្រ្តត្រូវបានផ្ទុកលើសកម្រិត។ ពោលគឺ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ដែលត្រូវបានរាយការណ៍ទៅ WHO សម្រាប់រយៈពេល ២ឆ្នាំនោះ គឺមានប្រហែល ៥.៤ លាននាក់ប៉ុណ្ណោះ។

WHO បានគណនាតួលេខរបស់ខ្លួន ដោយប្រើគំនិតនៃ «ការស្លាប់លើស» ដែលប៉ាន់ប្រមាណពីភាពខុសគ្នា រវាងចំនួនអ្នកស្លាប់ដោយសារមូលហេតុណាមួយ និងការរំពឹងទុកដោយគ្មានជំងឺរាតត្បាត។ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកសម្រាប់ទិន្នន័យ និងវិភាគបាននិយាយថា៖«ដោយសារតែការវិនិយោគមានកម្រិតនៅក្នុងប្រព័ន្ធទិន្នន័យនៅក្នុងប្រទេសជាច្រើន វិសាលភាពពិតនៃការស្លាប់លើសនេះច្រើនតែលាក់បាំង»។ ជាមួយគ្នានេះដែរ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា ទិន្នន័យនេះចង្អុលទៅតម្រូវការសម្រាប់ប្រទេសនានា ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធធន់បន្ថែមទៀត ដែលអាចទ្រទ្រង់សេវាសុខភាពសំខាន់ៗក្នុងអំឡុងពេលមានវិបត្តិ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






