ទីបំផុត! សាច់ញាតិខាងកូនក្រមុំ អាចទាក់ទងកូនកំលោះដែលរត់ចោលមង្គលការបន្សល់បំណុលជិត ១ម៉ឺនដុល្លារកាលពីថ្ងៃមុនបានហើយ
- BY
- autoadmin
- May 7, 2022
ថៃ៖ បើយោងតាមសារព័ត៌មានរបស់ Khaosod ដែលបានចុះផ្សាយកាលពីថ្ងៃទី០៦ ខែឧសភា ២០២២ បានអោយដឹងថា បន្ទាប់ពីករណីដែលកូនកំលោះបានគេចខ្លួនពីកម្មវិធីមង្គលការរបស់ខ្លួន បណ្តោយអោយកូនក្រមុំរៀបចំពិធី ក៏ដូចជាទទួលភ្ញៀវតែម្នាក់ឯងទាំងឈឺចាប់ ថែមទាំងចំណាយអស់ទឹកប្រាក់ជាង ១មុឺនដុល្លារ ក្លាយទៅជាបំណុលនោះ ទីបំផុតអាចទាក់ទងកូនកំលោះបានហើយ។

សារព័ត៌មានដដែលបានឱ្យដឹងថា បន្ទាប់ពីថ្ងៃរៀបការ សាច់ញាតិខាងកូនក្រមុំក៏នៅតែព្យាយាមខលទាក់ទងទៅតាមទូរស័ព្ទរហូតទាល់តែអាចទាក់ទងទៅកាន់កូនកំលោះបានសម្រេច។ ក្នុងការសន្ទនាតាមទូរស័ព្ទនោះកូនកំលោះបានបកស្រាយអំពីហេតុផលថា មូលហេតុដែលរូបលោកបានគេចពីកម្មវិធីមង្គលការនោះ គឺដោយសារតែលោកមានប្រាក់មិនទាន់គ្រប់ដើម្បីរៀបចំកម្មពិធីមង្គលការឡើងបាន ទើបបានជាលោកមិនហ៊ានចូលរួមកម្មវិធីដែលកូនក្រមុំបានរៀបចំឡើង។ ចំណែកខាងសាច់ញាតិក្រុមគ្រួសារខាងកូនក្រមុំបានបញ្ជាក់បន្ថែមថា «ខាងកូនក្រមុំនិងសាច់ញាតិក៏ដូចជាកូនកំលោះបានជជែកអំពីបញ្ហានេះមុននឹងរៀបចំកម្មវិធីនេះឡើងមកហើយថា ចាំនិយាយគ្នាតាមក្រោយ នៅពេលបញ្ចប់កម្មវិធីមង្គលការក៏បាន ដោយអោយកូនកំលោះចូលរោងការរៀបការអោយចប់សព្វគ្រប់សិន ចាំដោះស្រាយតាមក្រោយក៏បាន។ ប៉ុន្តែហេតុអ្វីបានជាកូនកំលោះបែរជាជ្រើសរើសយកការរត់គេចខ្លួនចោលកូនក្រមុំអោយប្រឈមមុខតែម្នាក់ឯងទៅវិញ?»
ចំណែកកូនក្រមុំផ្ទាល់ក៏បានសួរទៅកាន់កូនកំលោះដោយផ្ទាល់ថា «តើលោកស្រឡាញ់នាងដែររឺទេ?» កូនកំលោះក៏បានឆ្លើយតបតាមទូរស័ព្ទថា «ស្រឡាញ់នៅតែស្រឡាញ់នាងដូចដើម»។ ហើយថែមទាំងអះអាងថា លោកបានទាក់ទងទៅកាន់ លោកប្រធានរដ្ឋបាលឃុំសង្កាត់ ដើម្បីជាចាស់ទុំចូលមកជួយដោះស្រាយបញ្ហានេះនៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះ។ ថែមទាំងសន្យាថា នឹងដោះស្រាយបំណុលចំនួន ១មុឺនដុល្លារដែលជាថ្លៃរៀបចំកម្មវិធីផងដែរ។ ចំណែកកូនក្រមុំនឹងលើកលែងទោស ទទួលយករូបលោកវិញរឺក៏យ៉ាងណា សូមតាមដានក្រោយបញ្ចប់ការចរចានៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះទាំងអស់គ្នា៕

អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






