អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារសម្ដែងពី «សាមគ្គីភាព» ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន

BY
autoadmin
May 10, 2022

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារមួយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីអបអរសាទរលោក ក្នុងថ្ងៃគម្រប់ខួប ៩ ឧសភា ថ្ងៃនៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា លោក គីម បានសម្ដែងពី «សាមគ្គីភាព» របស់គាត់ជាមួយរុស្ស៊ី ក៏ដូចជាសមិទ្ធិផលរបស់ប្រជាជនរុស្ស៊ី ដែល «គោលបំណងជាមូលដ្ឋាន គឺដើម្បីលុបបំបាត់ការគំរាមកំហែងផ្នែកនយោបាយ និងយោធា ដែលបង្កឡើងដោយកងកម្លាំងអរិភាព» និង «ការពារសន្តិភាព និងសន្តិសុខ» នៃប្រទេសរបស់ពួកគេ។

លោក គីម ជឿជាក់ថាមិត្តភាពជា «យុទ្ធសាស្ត្រ និងប្រពៃណី» រវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងអាចពង្រឹង ហើយអភិវឌ្ឍតាមតម្រូវការនៃសម័យកាល និងស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំង២។ ជម្រាបដែរថា កូរ៉េខាងជើង​បាន​បង្ហាញ​ការ​គាំទ្រ​រុស្ស៊ី​ម្តង​ហើយ​ម្តង​ទៀត ខណៈ​ដែល​រុស្ស៊ីកាន់តែមានភាព​ឯកោកាន់តែ​ស៊ីជម្រៅ ​ជុំវិញ​ការ​ឈ្លានពាន​អ៊ុយក្រែន។ គេយល់ថា សាររបស់លោក គីម ទំនងជាមានគោលបំណងបញ្ជាក់ពីទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ខណៈកូរ៉េខាងជើងផ្ទាល់ ​កំពុង​ប្រកាន់យក​ជំហរ​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំងជាមួយនឹង​អាមេរិក ដោយ​ពន្លឿន​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​មីស៊ីលរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: