អន្តរជាតិ

លោក Elon Musk សន្យាបែបលេងសើចថា នឹងផ្តល់ Twitter ទៅឱ្យ MrBeast ប្រសិនបើគាត់ «ទទួលមរណភាពដោយអាថ៌កំបាំង»

BY
autoadmin
May 10, 2022

ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោក Elon Musk បានបង្ហោះសារយ៉ាងចម្លែកមួយ នៅលើបណ្ដាញសង្គម Twitter ថា៖«ប្រសិនបើខ្ញុំស្លាប់ក្រោមកាលៈទេសៈអាថ៌កំបាំង វាពិតជាល្អណាស់ដែលខ្ញុំបានស្គាល់អ្នក»។ ការបង្ហោះរបស់លោក បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម ហើយជាមួយគ្នានេះដែរ លោក MrBeast ដែលជាកំពូល YouTuber ដ៏ល្បីបំផុតម្នាក់ បានចូលទៅសរសេរថា៖«ប្រសិនវាកើតឡើងពិតមែន តើខ្ញុំអាចយក Twitter បានទេ» ហើយបន្ទាប់មកលោក Musk ក៏បានតបថា៖ «Ok»។ មិនត្រឹមតែប៉ុណ្ណឹងទេ MrBeast បាន screenshot ការសន្ទនានោះ ហើយបានសរសេរបែបលេងសើចថា [Musk] មិនអាចលេបសម្ដីវិញបានទេ។

គួរឱ្យដឹងដែរថា MrBeast មានឈ្មោះពិតថា Jimmy Donaldson ហើយគាត់ពិតជាមានភាពល្បីល្បាញខ្លាំងណាស់ នៅលើបណ្ដាញផ្សព្វផ្សាយ YouTube ជាមួយនឹងមាតិកាប្លែកៗជាច្រើន។ ទាំងលោក Elon Musk និង MrBeast សុទ្ធតែជាបុគ្គលដែលជោគជ័យ និងជាមហាសេដ្ឋីដូចគ្នា នៅក្នុងវិស័យផ្សេងគ្នា។

រំលឹកដែរថា លោក Musk ទើបតែទិញយក Twitter នាពេលថ្មីៗនេះប៉ុណ្ណោះ នៅក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ក៏ប៉ុន្តែការនិយាយវាយប្រហាររុស្ស៊ីរបស់គាត់ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ទំនងជាមូលហេតុដែលធ្វើឱ្យគាត់សរសេរសារចម្លែកៗបែបនោះ។ ជាមួយគ្នានេះដែរ ម្ចាស់ក្រុមហ៊ុន Roscosmos និងជាអតីតប្រធានកងកម្លាំងការពារជាតិរុស្ស៊ី គឺលោក Dmitry Rogozin ក៏បានចេញសេចក្តីថ្លែងការណ៍មួយថា លោក Musk បានក្លាយជាសត្រូវម្នាក់របស់ប្រទេសរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ Ladbible

Share This Post: