ថៃ៖ លំបាកមុនស្រណុកក្រោយ! ពីអតីតកម្មករលីសែង ក្លាយជាតំណាងចែកចាយទឹកប្រហុកខ្នាតធំប្រចាំតំបន់រកចំណូលបានខ្ទប់សែនដុល្លារក្នុងមួយខែៗ
- BY
- autoadmin
- May 11, 2022
ថៃ៖ លោក Nanphat Wongphakdeewirakul វ័យ ៦៣ឆ្នាំ បានប្រែវាសនាខ្លួនឯងពីកម្មករលីសែងអង្ករអោយគេ មកជាតំណាងចែកចាយទឹកប្រហុកខ្នាតធំប្រចាំតំបន់ Rangsit ទទួលបោះដុំ ទឹកប្រហុកយីហោល្បីៗជាង ៥០ ក៏ដូចជា គ្រឿងផ្សំអាហារច្រើនជាង ២០០មុខ ទទួលបានចំណូលខ្ទប់ ៥លានបាត (ជាង ១៤មុឺនដុល្លារ) ក្នុងមួយខែ។ យោងតាមប្រភពព័ត៌មានរបស់ sentangsedtee បានឱ្យដឹងថា កាលពីមុនលោក Nanphat គឺកម្មករលីសែងអង្ករអោយគេ ចំណែកម្តាយក្មេក ប្រកបរបរ លក់ទឹកប្រហុក ដោយម្តាយក្មេកឃើញកូនប្រសារប្រុសធ្វើការធ្ងន់ ត្រូវលីសែងអង្ករអោយគេរាប់បាវ ទើបម្តាយក្មេកក៏បានបបួលលោក Nanphat ដែលត្រូវជាកូនប្រសារប្រុសចូលមកជួយលក់ទឹកប្រហុក ក៏ដូចជា ជួយបន្តមុខរបរនេះអោយបានតកូនតចៅផងដែរ។

ដោយសារតែសង្គមសម័យមុន លោក Nanphat លក់តែទឹកប្រហុកឆៅសុទ្ធប៉ុណ្ណោះ ដោយពុំទាន់បានឆ្លងកាត់ការចំអិនក៏ដូចជាផ្សំគ្រឿងនៅឡើយ។ លុះចូលមកដល់ឆ្នាំ២០១៧ ចាប់ផ្តើមមានទឹកប្រហុករបស់តារាល្បីៗជាច្រើនបានដាក់លក់ ទើបលោកសម្លឹងឃើញឱកាសក្នុងការពង្រីកមុខរបរនេះ ដោយសារតែវាកាន់តែផ្តល់ភាពងាយស្រួលក្នុងការចំអិន។ លោក Nanphat ក៏បានធ្វើការទាក់ទងទៅកាន់បណ្តាក្រមហ៊ុនទឹកប្រហុកល្បីៗ ដើម្បីសុំធ្វើជាតំណាងចែកចាយធំប្រចាំតំបន់តែម្តង ទើបធ្វើអោយចំណូលក្នុងការលក់ទទួលបានជោគជ័យយ៉ាងខ្លាំង។ លោក Nanphat បានបន្ថែមទៀតថា «បច្ចុប្បន្នដើម្បីកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន លោកក៏បានបង្កើត ការលក់អនឡាញ ដើម្បីងាយស្រួលចែកចាយដល់អតិថិជនទាំងក្នុងនិងក្រៅប្រទេសបានផងដែរ៕



អត្ថបទ៖ Bee
ប្រភព៖ sentangsedtee
- Share This Post:






