កូវីដវាយលុក អ្នកបើកយន្តហោះប្រើឱកាសទំនេរពីការងារ ចាប់ដៃមិត្តភក្កិបង្កើតសំរាមឆ្មាពីដំឡូងមី រហូតជោគជ័យបង្កើតបានជាក្រុមហ៊ុននាំចេញ
- BY
- autoadmin
- May 12, 2022
ថៃ៖ ពីអតីតអ្នកបើកយន្តហោះ បែជាមកបបួលមិត្តភក្តិធ្វើ សំរាមឆ្មាទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតក្លាយទីជាម្ចាស់ក្រុមហ៊ុននាំចេញនាំចូលនូវសំរាមឆ្មានេះផងដែរ។ យោងតាមប្រភពព័ត៌មានរបស់ sentangsedtee បានអោយដឹងថា៖ «លោក Sun-Apinan Mahasaksawat នាយកប្រតិបត្តិក្រុមហ៊ុន Welty Mocky Innovation Company Limited បានរៀបរាប់ថា លោកបានស្គាល់គ្នាជាមួយមិត្តទាំងពីរតាំងពីពេលរៀនមហាវិទ្យាល័យឆ្នាំទី១ ផ្នែក Faculty of Science នៃសាកលវិទ្យាល័យ Chulalongkorn ។ ក្រោយពេលដែលបានរៀនចប់ម្នាក់ៗក៏បានធ្វើការងារទៅតាមជំនាញរបស់ខ្លួននៅក្រុមហ៊ុនឯកជនមួយ ដោយរូបលោកជាអ្នកបើកយន្តហោះ ចំណែកមិត្តទាំង២ ម្នាក់ធ្វើការផ្នែកទីផ្សារ ចំណែកម្នាក់ទៀត អ្នកស្រាវជ្រាវ»។

«ចាប់ផ្តើមពី ៣ ឆ្នាំមុនមានព័ត៌មានពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិអំពីអត្រាកំណើនខ្ពស់នៃការនាំចេញសំរាមឆ្មា។ បើក្រឡេកទៅមើលវិញ ប្រទេសថៃមិនទាន់ផលិតសំរាមឆ្មានៅឡើយទេ ហើយរបស់ដែលគេឃើញមានលក់សុទ្ធតែនាំចូល។ ពេលនិយាយជាមួយមិត្តភ័ក្តិ ខ្ញុំបានរកឃើញថា ប្រទេសថៃមានរុក្ខជាតិដែលអាចប្រើសម្រាប់ផលិតសំរាមឆ្មា។ ខ្ញុំនិងមិត្តខំបើកការស្រាវជ្រាវមើលរូបមន្តផ្សេងៗ ហើយទីបំផុតបានរកឃើញថាដំឡូងមីជារុក្ខជាតិដែលល្អសម្រាប់ការផលិតនេះ។ វាមានគ្រឿងផ្សំស្ទើរតែទាំងអស់ដែលគួរប្រើសម្រាប់ធ្វើទុកដាក់សំរាមឆ្មា ដូចជាម្សៅ និងសរសៃធម្មជាតិ។ លើសពីនេះ ប្រទេសថៃ គឺជាប្រទេសដែលមានអត្រានាំចេញដំឡូងមីខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែរយៈពេល ៣ឆ្នាំចុងក្រោយនេះ ត្រូវបានជួបប្រទះនឹងសម្ពាធលើតម្លៃ ដោយសារតែអ្នកទិញសំខាន់ៗដូចជា ប្រទេសចិនបានចាប់ផ្តើមវិនិយោគកាន់តែច្រើននៅក្នុងប្រទេសជិតខាង ធ្វើឱ្យចំនួននៃការនាំចេញធ្លាក់ចុះ វាជាចំណុចមួយទៀតដែលធ្វើឲ្យយើងជ្រើសរើសយកដំឡូងមី»។
លោកបានបន្ថែមថា វាត្រូវការពេលវេលាដើម្បីធ្វើការពិសោធន៍ និងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២០ ស្របពេលនៃមេរោគកូវីដ-១៩ កំពុងរាតត្បាតល្មម។ ពេលនោះរួមផ្សំទាំងពេលដែលខ្ញុំបានសម្រាកពីការហោះហើរផង ដូច្នេះខ្ញុំមានពេលដើម្បីជួយមិត្តរបស់ខ្ញុំបង្កើតសំរាមឆ្មា។ យើងប្រើដំឡូងមីពីតំបន់ភាគខាងកើត ដែលទិញពីកសិករ។ យ៉ាងណាមិញ បច្ចុប្បន្នយើងអាចផលិតសំរាមឆ្មាដែលមានឈ្មោះថា Hide & Seed ជាមួយនឹងក្លិនដ៏ក្រអូប ហើយមិនមានផលប៉ះពាល់ដល់ឆ្មាឡើយ៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee
- Share This Post:






