អន្តរជាតិ

អង្គការសុខភាពពិភពលោកនិយាយថា យុទ្ធសាស្ត្រ zero-COVID របស់ចិនមិនមាននិរន្តរភាព ហើយបានអំពាវនាវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រនោះ

BY
autoadmin
May 11, 2022

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា យុទ្ធសាស្ត្រ zero-COVID ដើម្បីកម្ចាត់ជំងឺរាតត្បាតគឺគ្មាននិរន្តរភាពទេ ហើយបានអំពាវនាវឱ្យមានការផ្លាស់ប្តូរគោលនយោបាយបែបនោះ។ ប្រទេសចិនបានដាក់វិធានការយ៉ាងតឹងរ៉ឹង ដោយបានបិទខ្ទប់ប្រជាជនមួយចំនួនធំនៅទីក្រុងសៀងហៃ ឱ្យនៅតែក្នុងផ្ទះអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈដែលប្រទេសនេះបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«នៅពេលយើងនិយាយអំពីយុទ្ធសាស្ត្រ zero-COVID យើងមិនគិតថា វាមាននិរន្តរភាពទេ ដោយពិចារណាលើអាកប្បកិរិយារបស់មេរោគឥឡូវនេះ និងអ្វីដែលយើងរំពឹងទុកនាពេលអនាគត»។ លោកថា៖«​យើង​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​អ្នកជំនាញ​ចិន ហើយ​យើង​បាន​បង្ហាញថា ​វិធីសាស្ត្រ​នេះ​នឹង​មិនមាន​និរន្តរភាព​ឡើយ​។ ការ​ប្ដូរទៅ​យុទ្ធសាស្ត្រ​មួយ​ផ្សេង​ទៀត​ នឹង​មាន​សារៈសំខាន់ជាងនេះ»។ គួរឱ្យដឹងដែរថា ការបិទទីក្រុងសៀងហៃបានបង្កឱ្យមានកំហឹង និងការតវ៉ាពាក់ព័ន្ធនឹផលប៉ះពាល់លើសេដ្ឋកិច្ចដ៏សំខាន់ ដោយសារយុទ្ធសាស្ត្រ zero-COVID ខណៈដែលចលនានៅក្នុងរដ្ឋធានីប៉េកាំងត្រូវបានរឹតបន្តឹងបន្តិចម្តងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: