ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានឆាបឆេះយ៉ាងសន្ធោ​សន្ធៅ ជាសំណាងមិនបានឆក់យកជីវិតអ្នកដំណើរនៅលើយន្តហោះ

    BY autoadmin May 12, 2022
    យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានឆាបឆេះយ៉ាងសន្ធោ​សន្ធៅ ជាសំណាងមិនបានឆក់យកជីវិតអ្នកដំណើរនៅលើយន្តហោះ

    ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន បានរាយការណ៍ថា អ្នកដំណើរ និងអាកាសយានិកទាំងអស់ ត្រូវបានគេជម្លៀសចេញពីយន្តហោះមួយគ្រឿង ម៉ូដែល Airbus A319 ដែលបានឆាបឆេះដោយមិនដឹងមូលហេតុច្បាស់លាស់ មុនពេលវាត្រូវហោះហើរនៅទីក្រុង Chongqing ភាគនិរតីរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP ។ សេចក្តីថ្លែងការណ៍មួយបាននិយាយថា មិនមានអ្នកស្លាប់ទេ ហើយមានតែរបួសតិចតួចប៉ុណ្ណោះ នៅក្នុងចំណោមអ្នកដំណើរទាំង ១១៣ នាក់ និងសមាជិកនាវិកចំនួន ៩ នាក់ នៅលើយន្តហោះ។

    វីដេអូដែលបានចែកចាយលើបណ្ដាញផ្សព្វផ្សាយ បានបង្ហាញពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines ដែលត្រូវបានត្របាក់ដោយអណ្តាតភ្លើង និងមានផ្សែងខ្មៅងងឹត ដែលឆាបឆេះនៅផ្នែកខាងឆ្វេងរបស់យន្តហោះ ខណៈដែលអ្នកដំណើរ និងអាកាសយានិកបានភៀសខ្លួនចេញពីទីនោះ។ យន្តហោះដែលពាក់ព័ន្ធ គឺជាយន្តហោះ A319 ដែលមានអាយុកាល ៩ឆ្នាំ មកហើយ និងជាប្រភេទតូចបំផុតមួយនៃគ្រួសារ A320។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន CFM56 ពីក្រុមហ៊ុន CFM International ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Electric និង Safran នេះបើយោងតាមក្រុមហ៊ុន Airfleets.net ។

    ក្រុមហ៊ុន Tibet Airlines ដែលជាបុត្រសម្ព័ន្ធរបស់ Air China គឺជាក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ ដែលមានមូលដ្ឋាននៅទីក្រុងឡាសា (Lhasa) ។ យោងតាមក្រុមហ៊ុន Airfleets.net បានឱ្យដឹងថា ក្រុមហ៊ុនមានយន្តហោះចំនួន ៣៩ គ្រឿង រួមទាំងយន្តហោះ A319 ចំនួន ២៨ គ្រឿង។ រំលឹកដែរថា កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅ ក៏មានយន្តហោះ Boeing 737-800 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅតំបន់ភ្នំនៅភាគខាងត្បូងរបស់ប្រទេសចិន ហើយបានសម្លាប់មនុស្សទាំងអស់ ១៣២ នាក់ នៅលើយន្ដហោះនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ SCMP

    Share This Post: