ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្ដីប្រពន្ធមួយគូប្ដឹងទារសំណង ៦៥ម៉ឺនដុល្លារ ពីកូនប្រុសបង្កើតរបស់ខ្លួន ដោយសាររៀបការបាន ៦ឆ្នាំហើយ នៅតែគ្មានចៅឱ្យពួកគាត់

    BY autoadmin May 13, 2022
    ប្ដីប្រពន្ធមួយគូប្ដឹងទារសំណង ៦៥ម៉ឺនដុល្លារ ពីកូនប្រុសបង្កើតរបស់ខ្លួន ដោយសាររៀបការបាន ៦ឆ្នាំហើយ នៅតែគ្មានចៅឱ្យពួកគាត់

    គូស្វាមីភរិយាមួយគូ រស់នៅរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសឥណ្ឌា បានដាក់ពាក្យបណ្ដឹងប្ដឹងកូនប្រុសតែមួយគត់របស់គាត់ បូករួមទាំងប្រពន្ធរបស់កូនប្រុស ពីបទមិនទាន់មានចៅឱ្យពួកគាត់ពបាន ក្រោយពីរៀបការជាមួយគ្នាបាន ៦ឆ្នាំ មកហើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ បើតាមសម្ដីរបស់លោកតា Sanjeev Prasad ដែលមានវ័យ ៦១ឆ្នាំ និងលោកយាយ Sadhana Prasad ដែលមានវ័យ ៥៧ឆ្នាំ បានឱ្យដឹងថា ពួកគាត់បានចំណាយលុយយ៉ាងច្រើន ដើម្បីចិញ្ចឹមកូនប្រុស ផ្គត់ផ្គង់ការសិក្សាល្អៗ និងបានចេញថ្លៃរៀបមង្គលការឱ្យទៀត ប៉ុន្តែរហូតមកទល់ពេលនេះ កូនប្រុសរបស់ពួកគាត់មិនទាន់មានចៅឱ្យពួកគាត់នៅឡើយទេ។

    អ្នកទាំង ២ បានដាក់ពាក្យប្ដឹងទាមទារសំណងពីកូនប្រុសឈ្មោះថា Shrey Sagar អាយុ ៣៥ឆ្នាំ និងកូនប្រសាស្រីឈ្មោះ Shubhangi Sinha អាយុ ៣១ឆ្នាំ ជាប្រាក់ចំនួន ៦៥០,០០០ ដុល្លារ ក្រោមបទ «បំពានផ្លូវចិត្ត» ប្រសិនបើរកចៅឱ្យគាត់មិនបាននៅក្នុងឆ្នាំនេះ។ ប្ដីប្រពន្ធទាំង ២ បាននិយាយថា ពួកគេវិនិយោគលើកូនប្រុសយ៉ាងច្រើន ព្រោះចង់បានចៅទុកគ្រាន់លេងជាមួយ នៅពេលដែលពួកគាត់ចូលនិវត្តន៍។ គាត់បានបន្ថែមថា វាគឺជាក្ដីបំណងរបស់ពួកគាត់ក្នុងការមានចៅតូចៗ។

    លោក Sanjeev Prasad បាននិយាយថា គាត់បានចំណាយប្រាក់សន្សំឱ្យកូនប្រុសបានរៀនសូត្រ និងបញ្ជូនកូនទៅអាមេរិក ដើម្បីការបណ្តុះបណ្តាលជាអ្នកបើកបរយន្តហោះ នៅឆ្នាំ២០០៦ ដោយកាលនោះគាត់ចំណាយអស់ ៦៥,០០០ ដុល្លារ។ កូនប្រុសរបស់ពួកគាត់ត្រឡប់មកឥណ្ឌាវិញនៅឆ្នាំ២០០៧ ប៉ុន្តែគ្មានការងារធ្វើទេ ហើយពួកគាត់ទាំង ២ ក៏បានបន្ដផ្គត់ផ្គង់កូនប្រុសរយៈពេលជាង ២ឆ្នាំ ទម្រាំកូនប្រុសមានការងារធ្វើវិញ។ ក្រោយមកនៅឆ្នាំ២០១៦ គាត់បានរៀបចំមង្គលការឱ្យកូនប្រុស និងកូនប្រសារ នៅក្នុងសណ្ឋាគារផ្កាយ ៥, ទិញរថយន្តតម្លៃ ៨០,០០០ ដុល្លារ ហើយចេញថ្លៃដើរលេងក្រេបទឹកឃ្មុំឱ្យទៀត។ ដូច្នេះហើយពួកគាត់ទាំង ២ បានហៅវាថា ជាការរំលោភទឹកចិត្តរបស់ពួកគាត់ នៅពេលដែលអស់រយៈពេលជាង ៦ឆ្នាំ ទៅហើយ ពួកគាត់នៅតែមិនទាន់មានចៅ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: