Jack Ma បង្ហាញខ្លួនជាលើកទីពីរក្នុងរយៈពេល ៦ខែ ក្រោយបាត់មុខអស់មួយរយៈធំ
- BY
- autoadmin
- May 16, 2022
កាលពីថ្ងៃទី១២ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា មហាសេដ្ឋី Jack Ma ស្ថាបនិកក្រុមហ៊ុន e-commerce Alibaba បង្ហាញខ្លួននៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុង Hangzhou កាលពីថ្ងៃទី ១០ ខែឧសភា។ ការបង្ហាញខ្លួនរបស់មហាសេដ្ឋីរូបនេះ គឺដើម្បីពិភាក្សាអំពីសប្បុរសធម៌ និងបច្ចេកវិទ្យាកសិកម្មជាមួយបុគ្គលិកប្រមាណ ២០ នាក់នៅក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន។
យោងតាមកាសែត China Philanthropy Times រូបភាពនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Weibo ដ៏ពេញនិយមរបស់ប្រទេសចិនមួយថ្ងៃក្រោយមក។ យ៉ាងណាមិញ នេះគឺជាការបង្ហាញមុខជាសាធារណៈលើកទីពីររបស់លោក Jack Ma ចាប់តាំងពីការវិលត្រឡប់ទៅកាន់ប្រទេសចិនពីដំណើរសិក្សាទៅកាន់អឺរ៉ុបកាលពីខែវិច្ឆិកាឆ្នាំមុន។

គួរបញ្ជាក់ថា មហាសេដ្ឋីរូបនេះបានស្ងប់ស្ងាត់ខុសពីធម្មតា បន្ទាប់ពីថ្លែងសុន្ទរកថានៅទីក្រុងសៀងហៃកាលពីខែតុលា ដោយបានរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសយ៉ាងក្តៅគគុក។ ប៉ុន្មានថ្ងៃក្រោយមក Ant Group ដែលជាក្រុមហ៊ុន fintech ដែលមានទំនាក់ទំនងជាមួយ Alibaba វាក៏ត្រូវបានផ្អាកដោយអាជ្ញាធរចិនសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនសាធារណៈលើកដំបូងដ៏ធំបំផុតដែលមានតម្លៃ ៣៧ពាន់លានដុល្លា។ ប៉ុន្តែ Ma មិនមែនជាមហាសេដ្ឋីបច្ចេកវិទ្យាចិនតែម្នាក់គត់ដែលនៅស្ងៀមនោះទេ។ CEO របស់ក្រុមហ៊ុន Tencent គឺ Pony Ma ឬ Ma Huateng ក៏ដូចជា Zhang Yiming ស្ថាបនិក Byte Dance ដែលស្ទើរតែមិនបានបង្ហាញផងដែរ៕

អត្ថបទ៖Bee
ប្រភព៖ thairath
- Share This Post:






