ផ្ទុះរោងចក្រគីមីនៅប្រទេសចិនសម្លាប់មនុស្សរាប់សិបនាក់ និង ២២អ្នកទៀតរបួសធ្ងន់
ប្រទេសចិន៖ រដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មានការផ្ទុះមួយនៅជិតរោងចក្រគីមីនៅទីក្រុង Zhangjiakou ដែលជាទីក្រុងមួយដែលមានចំងាយប្រហែល១៥៦គីឡូម៉ែត្រពីភាគពាយព្យទីក្រុងប៉េកាំង ហើយនឹងត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវត្រជាក់ឆ្នាំ២០២២ ខាងមុខ។ ហេតុការណ៍នេះបានកើតឡើងក្នុងព្រឹកថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្ស ២២នាក់ និងរងរបួស២២នាក់ផ្សេងទៀត។ ទីភ្នាក់ងារសារព័ត៌មានចិនក៏បានរាយការណ៍ថា អគ្គិភ័យនៃការផ្ទុះនេះបានឆាបឆេះយានយន្តចំនួន ៥០គ្រឿង ហើយមកទល់ពេលនេះអគ្គិភ័យទាំងអស់នៅកន្លែងផ្ទុះត្រូវបានពន្លត់វិញរួចហើយដែរ។
កំហឹងពីសាធារណជនជុំវិញសុវត្ថិភាពនៅក្នុងប្រទេសចិនបានរីកធំធាត់ បន្ទាប់ពីមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សអស់រយៈពេល៣ទសវត្សនេះ ដោយវាបានបង្កគ្រោះមហន្តរាយពីការរុករករ៉ែ និងអគ្គិភ័យរោងចក្រជាបន្តបន្ទាប់។ ហើយកាលពីខែសីហាឆ្នាំ២០១៥ មានមនុស្ស ១៦៥នាក់ត្រូវបានស្លាប់បន្ទាប់ពីការផ្ទុះឃ្លាំងគីមីនៅកំពង់ផែក្រុងធានជិន។ ប្រទេសចិនបានប្តេជ្ញាកែលម្អស្ដង់ដារឧស្សាហកម្មប៉ុន្តែភាពទន់ខ្សោយនៃការគ្រប់គ្រងនៅតែបន្តកើតមាន រួមទាំងដំណើរការផលិតសារធាតុគីមីដែលមានគ្រោះថ្នាក់។

អត្ថបទ៖ លីដា
ប្រភព៖ reuters