អន្តរជាតិ

លោកស្រី Elisabeth Borne ត្រូវបានគេតែងតាំងឱ្យធ្វើជានាយក​រដ្ឋមន្ត្រី​ថ្មីរបស់ប្រទេសបារាំង ហើយនេះគឺជាលើកដំបូង​ក្នុង​រយៈពេល ​៣០​ឆ្នាំ​ របស់បារាំង ដែលស្ត្រីត្រូវបានគេតែងតាំងឱ្យដើរតួនាទីនេះ

BY
autoadmin
May 17, 2022

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងលោកស្រី Elisabeth Borne ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំង ហើយនេះគឺជាលើកដំបូងបំផុត​ក្នុង​ប្រវត្តិសាស្ត្ររយៈពេល​ ៣០​ឆ្នាំ របស់ប្រទេសបារាំង ដែលស្ត្រីត្រូវបានគេតែងតាំងឱ្យដើរតួនាទីនេះ។ លោក Macron បាន​ធ្វើការ​តែងតាំងលោកស្រី​កាលពី​ថ្ងៃ​ចន្ទ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពីគាត់បានជាប់​អាណត្តិ​ទី២ ជាប្រធានាធិបតីរបស់ប្រទេសបារាំង ក្រោយឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមេសា។ មុននេះ លោក Jean Castex ដែលជានាយករដ្ឋមន្ត្រីនៅអាណត្តិមុន ក៏គាត់បានផ្ញើលិខិតលាលែងពីតំណែងរបស់គាត់ ទៅកាន់លោក Macron ផងដែរ។

នាយករដ្ឋមន្ត្រីថ្មី Elisabeth Borne ដែលមានវ័យ ៦១ ឆ្នាំរូបនេះ បានបម្រើការជារដ្ឋមន្ត្រីដឹកជញ្ជូន រដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីការងារ ក្នុងអំឡុងពេលលោក Macron កំពុងកាន់អាណត្តិទី១ ជាប្រធានាធិបតី។ លោកស្រីត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះការកែទម្រង់ក្រុមហ៊ុនផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំង និងការអនុវត្តវិធានការណ៍ដើម្បីដោះស្រាយភាពអត់ការងារធ្វើ ដែលទាក់ទងនឹងជំងឺរាតត្បាត COVID-19 ។

បន្ទាប់ពីការផ្ទេរតំណែងរួច លោកស្រីបានថ្លែងភ្លាមៗថា ប្រទេសបារាំងត្រូវតែធ្វើសកម្មភាពឱ្យបានលឿន និងខ្លាំងជាងមុន ដើម្បីដោះស្រាយបញ្ហាអន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។ លោក Macron ហាក់ដូចជាកំពុងព្យាយាមបង្ហាញសាធារណជនថា លោកផ្តោតលើបរិស្ថាន និងការងារ នៅមុនការបោះឆ្នោតសភាក្នុងខែមិថុនានេះ។ គាត់ក៏ត្រូវបានគេរំពឹងថា នឹងព្យាយាមធ្វើឱ្យមានការរីកចម្រើនជាលំដាប់លើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលនឹងក្លាយជាបញ្ហាសំខាន់ក្នុងអំឡុងពេលអាណត្តិទី២ របស់គាត់។ គួរឱ្យដឹងដែរថា លោក​ស្រី​ Elisabeth Borne គឺជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ទី​២ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បារាំងទាំងមូល និង​ជា​នាយករដ្ឋមន្ត្រី​ទី១ ​ក្នុង​រយៈពេល​ ៣ ​ទសវត្សរ៍កន្លងមកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: