កញ្ឆាវេជ្ជសាស្ត្របានក្លាយជាឱសថស្របច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូងបានក្លាយជាប្រទេសអាស៊ីបូព៌ាដំបូងក្នុងការប្រើប្រាស់ថ្នាំកញ្ឆាវេជ្ជសាស្ត្រដោយស្របច្បាប់យ៉ាងគួរឱ្យភ្ញាក់ផ្អើល ដើម្បីពង្រីកជម្រើសព្យាបាលសម្រាប់អ្នកជំងឺដែលមានជំងឺឆ្កួតជ្រូក និងជំងឺកម្រដទៃទៀតនៅក្នុងប្រទេសនេះ។ សភាជាតិរបស់កូរ៉េខាងត្បូងបានអនុម័តលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន Narcotic កាលពីថ្ងៃសុក្រដោយអនុញ្ញាតឱ្យថ្នាំកញ្ឆាស្របច្បាប់ក្នុងការប្រើប្រាស់។
ប៉ុន្តែទោះជាយ៉ាងណាការប្រើកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្តនឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងជាមួយអ្នកជំងឺ ដោយតម្រូវឱ្យពួកគេដាក់ពាក្យស្នើសុំដល់មជ្ឈមណ្ឌលឱសថកូរ៉េដែលជាអង្គភាពរដ្ឋាភិបាល ដើម្បីជួយសម្របសម្រួលដល់អ្នកជំងឺក្នុងការទទួលយកឱសថមកប្រើប្រាស់។ ក្រសួងសុខាភិបាល និងសុវត្ថិភាពចំណីអាហាររបស់ប្រទេសកូរ៉េបានឱ្យដឹងថា ការអនុម័តនេះនឹងត្រូវផ្តល់ឱ្យទៅតាមករណីនីមួយៗរបស់អ្នកព្យាបាល។ នៅក្រោមច្បាប់ប្រឆាំងនឹងគ្រឿងញៀនរបស់ប្រទេស ការជក់បារីនិងការជួញដូរកញ្ឆាគឺជាទង្វើខុសច្បាប់ ហើយចំពោះអ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធនឹងប្រឈមមុខជាប់គុករយៈពេល៥ឆ្នាំ។


អត្ថបទ៖ លីដា
ប្រភព៖ ft