អន្តរជាតិ

ប្រធានាធិបតីទួរគីបានបញ្ជាក់សា​ជាថ្មី ​ពី​ការប្រឆាំង​ស៊ុយអែត និង​ហ្វាំងឡង់​ ក្នុងការចូលរួម​ជាមួយ​អង្គការ​ណាតូ

BY
autoadmin
May 17, 2022

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃប្រទេសស៊ុយអែត និងហ្វាំងឡង់ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសទួរគី សម្រាប់ការពិភាក្សាលើការគាំទ្រប្រទេស Nordic ទាំង ២ នៅក្នុងដំណើរការចូលរួមជាមួយអង្គការណាតូ ដែលភាគីទួរគីបានជំទាស់ជាដាច់ខាត នេះបើតាមអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ស៊ុយអែត។ ជាមួយគ្នានេះដែរ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីអង់ការ៉ា កាលពីថ្ងៃចន្ទថា គណៈប្រតិភូស៊ុយអែត និងហ្វាំងឡង់ នឹងមកដល់ប្រទេសទួរគីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

លោកបាននិយាយថា ប្រទេសទាំង ២ មិនចាំបាច់ខំប្រឹងធ្វើដំណើរមកនោះទេ ពីព្រោះទីក្រុងអង់ការ៉ា នឹងមិនអនុម័តសមាជិកភាពណាតូ សម្រាប់នរណាដែលដាក់ទណ្ឌកម្មលើប្រទេសរបស់គាត់ឡើយ។ លោក Erdogan បាន​កត់​សម្គាល់​ថា ទាំងស៊ុយអែត និង​ហ្វាំងឡង់ មិន​បាន​យល់​ព្រម​ប្រគល់​សមាជិក​នៃ​ក្រុម​សកម្មប្រយុទ្ធ​ឃឺដ​ ដែល​ទួរគី​ចាត់​ទុកថា​ជា​អង្គការ​ភេរវករ​ឡើយ។ លោក​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ជំហរ​របស់​ប្រទេស​ទាំង ២ ដោយ​លោក​បាន​បន្ថែម​ថា៖«តើ​ឱ្យយើង​​ទុក​ចិត្ត​ពួក​គេ​ដោយ​របៀប​ណា?» គួរឱ្យដឹងដែរថា ការចូលជាសមាជិកណាតូ ទាមទារការគាំទ្រជាឯកច្ឆ័ន្ទពីសមាជិកណាតូ ហើយប្រទេសទួរគីក៏ជាសមាជិកណាតូម្នាក់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: