សារព័ត៌មាន bangkokpost ផ្សាយថា ព្រះសង្ឃខ្មែរ ៤អង្គ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ដោយសារចូលទឹកដីថៃខុសច្បាប់
- BY
- autoadmin
- May 18, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ព្រះសង្ឃជាជនជាតិខ្មែរចំនួន ៤ ព្រះអង្គ ត្រូវបានចាប់ខ្លួននៅវត្តមួយ ក្នុងស្រុកមឿង កាលពីយប់ថ្ងៃអង្គារ ហើយត្រូវបានឱ្យចាកផ្នួសភ្លាម ដោយសារព្រះអង្គទាំង៤អង្គបានចូលទៅក្នុងទឹកដីប្រទេសថៃដោយខុសច្បាប់។ លោក Pol Col Preecha Kengsarikij អធិការនគរបាលស្រុកមឿង បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានទៅវត្តវត្ថារាម ក្នុងសហគមន៍ Non Nong Wat បន្ទាប់ពីទទួលបានដំណឹងថា មានព្រះសង្ឃខ្មែរគង់នៅទីនោះ ហើយបាននិមន្ដបិណ្ឌបាតជារៀងរាល់ព្រឹក។ ពួកគេក៏បានសួររកឯកសារពាក់ព័ន្ធនានាពីព្រះសង្ឃទាំង ៤ អង្គ ហើយគ្រប់ព្រះអង្គសុទ្ធតែមានឯកសារបញ្ជាក់ថា ជាព្រះសង្ឃត្រឹមត្រូវ លើកលែងតែម្យ៉ាង គឺពួកព្រះអង្គគ្មានឯកសារបញ្ជាក់ពីការចូលទៅក្នុងប្រទេសថៃនោះទេ។

ព្រះសង្ឃជាជនជាតិខ្មែរទាំង ៤ អង្គ ត្រូវបានគេនាំទៅវត្តឃ្លាំង ក្នុងស្រុកមឿង ដែលជាកន្លែងដែលព្រះអង្គត្រូវគេឱ្យចាកផ្នួស។ បន្ទាប់មក ត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសស្រុកមឿង រង់ចាំការនិរទេសមកប្រទេសកំណើតវិញ។ ព្រះសង្ឃទាំង៤អង្គបានតេស្តអវិជ្ជមាន ចំពោះការប្រើប្រាស់គ្រឿងញៀន និងជំងឺ COVID-19 ហើយមានព្រះជន្មពី ២៥-៤០ព្រះវស្សា។ ការពិតទៅគឺ ព្រះសង្ឃទាំង៤អង្គបានលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ នៅស្រុកកាបឈើង ខេត្តសុរិន្ទ ហើយបានបួសជាព្រះសង្ឃនៅទីនោះ។ ព្រះសង្ឃទាំង៤អង្គចេញពីសុរិន្ទដោយថ្មើរជើង ហើយបន្ដស្នាក់នៅវត្តមួយយប់ តាមផ្លូវទៅខនកែន។ អំឡុងនៅខនកែន ព្រះអង្គបានស្នាក់នៅវត្តវត្ថារាម ហើយបាននិមន្ដប្រមូលបច្ច័យ និងទានតាមទម្លាប់រាល់ព្រឹក។ លោក Pol Col Preecha Kengsarikij បាននិយាយថាព្រះសង្ឃទាំង៤អង្គបានសារភាពថា បានផ្ញើប្រាក់ដែលប្រមូលបានទៅប្រទេសកម្ពុជា៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






