ព្យុះភ្លៀងបានវាយប្រហារទីក្រុងស៊ីដនីត្រឹមតែ២ម៉ោងសោះ តែខ្លាំងដូចជាមានភ្លៀងពេញ១ខែ
ពលរដ្ឋអូស្ត្រាលីជាង៥០០នាក់ បានអំពាវនាវឱ្យមានជំនួយសង្គ្រោះបន្ទាន់ បន្ទាប់ពីព្យុះបានវាយប្រហារទីក្រុងស៊ីដនី និងតំបន់ក្បែរនោះ ដែលបណ្តាលឱ្យមានទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការពន្យារពេលនៃការធ្វើដំណើរ។ យោងតាមក្រុមឧតុនិយមបានឱ្យដឹងថា ទីក្រុងស៊ីដនីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដោយកម្លាំងនៃភ្លៀងត្រឹមតែ២ម៉ោងសោះតែប្រៀបដូចជាភ្លៀងពេញមួយខែ ដែលវាបណ្តាលឱ្យមានការបំផ្លិចបំផ្លាញជាច្រើន។ ក្រុមអាជ្ញាធរបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស ១១នាក់ត្រូវបានគេជួយសង្គ្រោះពីយានយន្តដែលជាប់ក្នុងទឹកជំនន់នេះ ហើយក៏មានបុរសម្នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីទឹកជំនន់នេះដែរ។
ការិយាល័យឧតុនិយមរបស់ប្រទេសអូស្រ្តាលីបាននិយាយថា វាជាអាកាសធាតុអាក្រក់បំផុតដែលមានក្នុងតំបន់ចាប់តាំងពីខែវិច្ឆិកាឆ្នាំ១៩៨៤មក។ អាកាសធាតុអាក្រក់នេះបានធ្វើការបំផ្លិចបំផ្លាញ និងបានធ្វើឱ្យការធ្វើដំណើរនៅទីក្រុងធំៗជាច្រើនត្រូវបានលុបចោល ឬពន្យារពេល រួមទាំងការហោះហើរជាង៥០ក៏ត្រូវបានខកខាន។ អាំងតង់ស៊ីតេនៃទឹកភ្លៀងនោះគឺខ្លាំងមិនគួរឱ្យចង់ជឿដោយមានកម្លាំង ៩១មីលីម៉ែត្របានធ្លាក់ចុះក្នុងរយៈពេល ៩០នាទី។ យ៉ាងណាមិញអាជ្ញាធរក៏បានអំពាវនាវមិនឱ្យពលរដ្ឋបន្តធ្វើដំណើរទាំងអាកាសធាតុអួអាប់បែបនេះទេ ហើយពលរដ្ឋគួរតែមានការប្រុងប្រយ័ត្នជាមួយនឹងព្យុះដែលអាចមានជាបន្តបន្ទាប់៕



អត្ថបទ៖ លីដា
ប្រភព៖ bbc