ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺអុតស្វាយ Monkeypox ពេលនេះបានឆ្លងដល់សហរដ្ឋអាមេរិក ខណៈកំពុងចម្លងរាតត្បាតនៅទូទាំងតំបន់អឺរ៉ុប

    BY autoadmin May 20, 2022
    ជំងឺអុតស្វាយ Monkeypox ពេលនេះបានឆ្លងដល់សហរដ្ឋអាមេរិក ខណៈកំពុងចម្លងរាតត្បាតនៅទូទាំងតំបន់អឺរ៉ុប

    មន្ត្រីសុខាភិបាលក្នុងរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីនៃជំងឺអុតស្វាយ Monkeypox លើបុរសម្នាក់ដែលទើបនឹងត្រឡប់មកពីប្រទេសកាណាដា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ នាយកដ្ឋាន​សុខាភិបាលអាមេរិក​បាន​និយាយ​ថា បុគ្គល​នោះកំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ ហើយគាត់​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរជាធម្មតា ខណៈនាយកដ្ឋានកំពុងតាមដានអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។ នេះគឺជាការបញ្ជាក់ជាលើកដំបូងហើយ នៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីមន្ត្រីរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានឱ្យដឹងថា ពួកគេកំពុងតាមដានករណីសង្ស័យចំនួន ៦ ករណីផ្សេងទៀត។

    ក្នុងចំណោមអ្នកជំងឺសង្ស័យទាំង ៦នាក់ ដែល CDC កំពុងដាក់ការតាមដាន មានបុគ្គលសង្ស័យចំនួន ៣នាក់ បានអង្គុយនៅជួរខាងមុខ អ្នកជំងឺអុតស្វាយ Monkeypox ដែលកំពុងហោះហើរពីប្រទេសនីហ្សេរីយ៉ាទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃទី០៤ ខែឧសភា ប៉ុន្តែយ៉ាងណា ហានិភ័យដែលពួកគេអាចឆ្លងមេរោគគឺមានកម្រិតទាប។ អ្នកជំងឺសង្ស័យទាំង ៦នាក់ ក៏មិនមានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ Monkeypox ដែលបានបញ្ជាក់នៅរដ្ឋ Massachusetts ម្នាក់នោះដែរ ដូច្នេះវាកាន់តែពិបាកនៅក្នុងការស្វែងរកប្រភពនៃការឆ្លង។ គួរឱ្យដឹងដែរថា រោគសញ្ញារបស់ជំងឺនេះរួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងហត់នឿយ។

    ជម្រាបដែរថា ក្នុងមួយរយៈចុងក្រោយនេះ មានការផ្ទុះឡើងជាច្រើនទាក់ទងនឹងជំងឺអុតស្វាយ Monkeypox នៅតាមតំបន់អឺរ៉ុប អាមេរិក និងកន្លែងផ្សេងទៀត។ ជាក់ស្ដែងប្រទេសកាណាដា ក៏កំពុងតាមដានអ្នកជំងឺសង្ស័យចំនួន ១៣នាក់ ខណៈករណីចំនួន ១៤ ផ្សេងទៀត កំពុងត្រូវបានបញ្ជាក់នៅក្នុងតំបន់អឺរ៉ុបដូចជា៖ ចក្រភពអង់គ្លេស អេស្ប៉ាញ និងព័រទុយហ្គាល់ និងយ៉ាងហោចណាស់មានមនុស្សចំនួន ២៤ នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: