អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសស៊ុយអែត និងហ្វាំងឡង់ នៅក្នុងការស្នើចូលជាសមាជិករបស់អង្គការណាតូ

BY
autoadmin
May 20, 2022

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានស្វាគមន៍យ៉ាងកក់ក្ដៅដល់មេដឹកនាំនៃប្រទេសស៊ុយអែត និងហ្វាំងឡង់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ឱ្យពួកគេនូវ «ការគាំទ្រពេញលេញ» របស់គាត់ នៅក្នុងដំណើរការដាក់ពាក្យចូលរួមជាសមាជិកអង្គការណាតូ។ លោក ចូ បៃដិន បានបើកការស្វាគមន៍របស់គាត់នៅឯសេតវិមាន ដើម្បីបង្ហាញពីការគាំទ្ររបស់គាត់ចំពោះនាយករដ្ឋមន្រ្តីស៊ុយអែតលោកស្រី Magdalena Andersson និងប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ។ លោក​បាន​និយាយ​ថា ប្រទេសរបស់ពួកគេទាំង ២ នឹងធ្វើឱ្យអង្គការ​ណាតូ​កាន់​តែ​ខ្លាំងក្លាជាងមុន។

ជម្រាបដែរថា រាល់សមាជិកអង្គការណាតូទាំង ៣០ ត្រូវតែផ្ដល់សំឡេងគាំទ្រដល់អ្នកចូលថ្មីណាមួយ ប៉ុន្តែគិតមកទល់ពេលនេះ មាន​ប្រទេសជាសមាជិកមួយរបស់ណាតូ​​ បាន​និយាយ​រួច​ហើយ​ថា​ គាត់​នឹង​ប្រឆាំង​ជាមួយ​ការ​ដាក់​ពាក្យ​នេះ។ នោះគឺ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ដែលលោកបានរិះគន់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ចំពោះការគាំទ្ររបស់របស់ប្រទេសទាំង ២ លើពួកសកម្មប្រយុទ្ធឃឺដ ដែលជាក្រុមដែលគាត់មើលឃើញថាជាភេរវករ។ លោក Erdogan បាននិយាយថា ចម្លើយរបស់គាត់គឺ «ទេ» ចំពោះការដាក់ពាក្យស្នើរបស់ប្រទេសទាំង២។ គួរឱ្យដឹងដែរថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានរក្សាជំហរយោធាមិនចូលបក្សសម្ព័ន្ធយូរអង្វែងណាស់មកហើយ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យពួកគេត្រូវផ្លាស់ប្ដូរជំហរនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle

Share This Post: