សភានៃប្រទេសរុស្ស៊ីកំពុងពិចារណាលើការអនុញ្ញាតមួយ ដែលអាចឱ្យមនុស្សអាយុលើសពី ៤០ឆ្នាំ អាចចុះឈ្មោះចូលបម្រើយោធាបាន
- BY
- autoadmin
- May 20, 2022
សភានៃប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី២០ ខែឧសភា បាននិយាយថា ខ្លួននឹងពិចារណាលើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលនឹងអាចអនុញ្ញាតឱ្យជនជាតិរុស្ស៊ីដែលមានអាយុលើសពី ៤០ឆ្នាំ និងជនបរទេសដែលមានអាយុលើសពី ៣០ឆ្នាំ អាចចុះឈ្មោះចូលបម្រើកងទ័ពបាន នៅក្នុងសញ្ញាមួយដែលបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះកំពុងត្រូវការកម្លាំងបន្ថែមទៀត ដើម្បីពង្រឹងកិច្ចខំប្រឹងប្រែងផ្នែកសឹកសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។

គេហទំព័ររបស់រដ្ឋឌូម៉ា (Duma) ដែលជាសភាជាន់ទាបរបស់សភារុស្ស៊ីបាននិយាយថា វិធានការនេះនឹងអនុញ្ញាតឱ្យយោធាអាចប្រើប្រាស់ ឬរៀនតាម អ្នកជំនាញជើងចាស់ផ្សេងទៀត។ ខ្លួនបាននិយាយថា៖«សម្រាប់ការប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ប្រតិបត្តិការអាវុធ និងឧបករណ៍យោធា អ្នកឯកទេសដែលមានជំនាញវិជ្ជាជីវៈខ្ពស់ គឺត្រូវការជាចាំបាច់។ ហើយបើតាមដឹង អ្នកជំនាញទាំងអស់នោះ គឺកំពុងស្ថិតក្នុងអាយុ ៤០-៤៥ឆ្នាំ»។ រំលឹកដែរថា កាលពីមុនមានតែជនជាតិរុស្ស៊ីដែលមានអាយុពី ១៨-៤០ ឆ្នាំ និងជនបរទេសដែលមានអាយុ ១៨-៣០ ឆ្នាំប៉ុណ្ណោះ ដែលអាចចុះឈ្មោះបម្រើយោធាបាន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






