ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចូលជួបព្រះចៅអធិរាជជប៉ុន មុនចាប់ផ្តើមកិច្ចប្រជុំផែនការសេដ្ឋកិច្ចក្នុងតំបន់
- BY
- autoadmin
- May 23, 2022
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងនៅប្រទេសជប៉ុន ដើម្បីចាប់ផ្តើមផែនការសេដ្ឋកិច្ចក្នុងតំបន់ ទប់ទល់នឹងឥទ្ធិពលប្រទេសចិន និងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់មួយនេះ ហើយលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ដោយទៅជួបផ្ទាល់ជាមួយព្រះចៅអធិរាជ Naruhito ។ មូលដ្ឋានគ្រឹះនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់លោក បៃដិន ដែលរួមមានកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី «Quad» នឹងត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃចន្ទក្រោមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលជាផែនការទូលំទូលាយមួយ ផ្តល់នូវសសរទ្រូងដល់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសដែលពាក់ព័ន្ធ។

លោក បៃដិន បានមកជួបព្រះចៅ Naruhito នៅឯព្រះបរមរាជវាំង ហើយអ្នកទាំង ២ បានសាកសួរសុខទុក្ខគ្នាភ្លាម បន្ទាប់ពីលោក បៃដិន បានចុះពីលើរថយន្ដធ្វើដំណើររបស់គាត់ មុនពេលពួកគេទាំង ២ ចូលទៅក្នុងព្រះដំណាក់។ ការអំពាវនាវរបស់លោក បៃដិន ចំពោះព្រះចៅអធិរាជ Naruhito នឹងត្រូវបានបន្តពិភាក្សា ដោយមានការចូលរួមជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដែលក្នុងនោះប្រទេសទាំង ២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការរបស់ប្រទេសជប៉ុន ក្នុងការពង្រីកសមត្ថភាពយោធារបស់ខ្លួន និងឈានដល់ការឆ្លើយតបទៅនឹងការកើនឡើងនៃកម្លាំងរបស់ប្រទេសចិន។ សម្ព័ន្ធមិត្តសំខាន់ទាំង ២ ក៏ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបានឯកភាពគ្នាថា ការប្រើប្រាស់កម្លាំងដោយឯកតោភាគី គឺមិនអាចទទួលយកបានទេ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






