ប្រទេសជប៉ុនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅឆ្នាំ២០២៣ នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា
- BY
- autoadmin
- May 23, 2022
ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃចន្ទ ទី២៣ ខែឧសភា បានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមទាំងប្រាំពីរ (G7) នៅឆ្នាំក្រោយ នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា នេះបើតាមការដកស្រង់សម្តីនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ។ លោក Kishida បានប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden អំពីផែនការនេះ ហើយគំនិតនេះក៏បានទទួលការគាំទ្រពីលោក Biden ផងដែរ នៅក្នុងកំឡុងពេលកិច្ចពិភាក្សារបស់ភាគីទាំង ២ នៅទីក្រុងតូក្យូ។

គួរឱ្យដឹងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទៅដល់ប្រទេសជប៉ុនកាលពីរសៀលថ្ងៃអាទិត្យ ដែលវាជាដំណើរទស្សនកិច្ចទី២ នៅក្នុងតំបន់អាស៊ីរបស់លោក។ ការស្នាក់នៅរយៈពេល ៣ ថ្ងៃរបស់គាត់ រួមមាន៖ ការទៅជួបផ្ទាល់ជាមួយអធិរាជជប៉ុន Naruhito, ការប្រជុំ និងអាហារពេលល្ងាចជាមួយនាយករដ្ឋមន្ត្រី Fumio Kishida និងកិច្ចសន្ទនាសន្តិសុខ Quad ជាមួយមេដឹកនាំនៃប្រទេសឥណ្ឌា និងអូស្ត្រាលី៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






