ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបានណែនាំថា អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺអុតស្វា Monkeypox គួរនៅដាច់ដោយឡែករយៈពេល ២១ថ្ងៃ
- BY
- autoadmin
- May 23, 2022
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានផ្ដល់ដំបូន្មានថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប៉ះពាល់ទៅនឹងជំងឺអុតស្វា Monkeypox ដូចជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ឬជាគ្រួសាររបស់អ្នកជំងឺ គួរតែនៅដាច់ដោយឡែកពីគេ រយៈពេល ២១ថ្ងៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ UKHSA បានណែនាំថា អ្នកដែលសង្ស័យថា បានឆ្លង ឬបានប៉ះពាល់ជាមួយអ្នកជំងឺ មិនគួរមានការធ្វើដំណើរ ប៉ះពាល់បន្ដទៅអ្នកមានភាពស៊ាំចុះខ្សោយ នៅជិតអ្នកមានផ្ទៃពោះ ឬ កុមារដែលមានអាយុក្រោម ១២ ឆ្នាំនោះឡើយ។ ការណែនាំនេះបានធ្វើឡើង បន្ទាប់ពីនៅចក្រភពអង់គ្លេសតែមួយ មានករណី Monkeypox រហូតដល់ទៅ ២០ ករណី ដែលត្រូវបានគេបញ្ជាក់ ហើយមានករណីប្រមាណ ៨០ ករណី ផ្សេងទៀត កំពុងត្រូវបានគេរកឃើញនៅទូទាំងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អ៉ីស្រាអែល និងអូស្ដ្រាលី។

គួរឱ្យដឹងដែរថា ជំងឺអុតស្វា Monkeypox គឺជាមេរោគឆ្លងដ៏កម្រមួយប្រភេទ ដែលកើតមានញឹកញាប់បំផុតនៅក្នុងតំបន់ដាច់ស្រយាល នៃតំបន់អាហ្វ្រិកកណ្តាល និងខាងលិច។ ជំងឺនេះត្រូវបានរកឃើញដំបូងនៅក្នុងសត្វស្វា ហើយមិនមានទំនោរឆ្លងរវាងមនុស្សនិងមនុស្សនោះទេ ប៉ុន្តែអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ រួមទាំងការរួមភេទផងដែរ។ រោគសញ្ញារួមមាន៖ សីតុណ្ហភាពខ្ពស់ ឈឺខ្លួន ឈឺសាច់ដុំ ឡើងកន្ទួល និងការហើម។ ជាធម្មតាវាមានអាការស្រាលៗ អាចឆ្លងរាលដាលទៅបាតដៃ ឬបាតជើង និងអាចធូរស្បើយទៅវិញ ក្នុងរយៈពេលពីរទៅបួនសប្តាហ៍។ ចំណែកអ្នកដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់នៃការឆ្លងមេរោគ គឺប្រសិនបើពួកគេជាគ្រួសារ ឬមានការរួមភេទជាមួយអ្នកជំងឺ ឬបានផ្លាស់កម្រាលគ្រែ ដោយមិនបានពាក់ឈុតការពារផ្ទាល់ខ្លួន (PPE)៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






