អង្គការសុខភាពពិភពលោកយល់ថា មិនចាំបាច់ត្រូវការការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងជំងឺអុតស្វា Monkeypox ដែលកំពុងផ្ទុះឡើងនោះទេ
- BY
- autoadmin
- May 24, 2022
មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា អង្គការសុខភាពពិភពលោកមិនជឿថា ការផ្ទុះឡើងនៃជំងឺអុតស្វា Monkeypox នៅខាងក្រៅទ្វីបអាហ្រ្វិក ទាមទារឱ្យមានការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះទេ ព្រោះវិធានការដូចជាអនាម័យល្អ និងអាកប្បកិរិយាផ្លូវភេទប្រកបដោយសុវត្ថិភាព នឹងជួយគ្រប់គ្រងការរីករាលដាលរបស់វាបាន។ លោក Richard Pebody ដែលដឹកនាំក្រុមភ្នាក់ងារពិនិត្យលើការបង្ករោគ ដែលមានការគំរាមកំហែងខ្ពស់នៅ WHO Europe បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា ការផ្គត់ផ្គង់វ៉ាក់សាំង និងថ្នាំប្រឆាំងមេរោគភ្លាមៗ អាចនៅមានកម្រិតតិចតួចនៅឡើយ។ ការអត្ថាធិប្បាយរបស់គាត់បានកើតឡើងនៅពេលដែល មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងស្ថិតក្នុងដំណើរការបញ្ចេញវ៉ាក់សាំង Jynneos មួយចំនួន សម្រាប់ប្រើប្រាស់នៅក្នុងករណីជំងឺអុតស្វាមួយនេះ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងវាយតម្លៃជម្រើសសម្រាប់ការចាក់វ៉ាក់សាំង ខណៈដែលចក្រភពអង់គ្លេសក៏បានចាប់ផ្ដើមផ្តល់ជូនវ៉ាក់សាំងទៅបុគ្គលិកថែទាំសុខភាពមួយចំនួន។ ចំណែកអាជ្ញាធរសុខាភិបាលសាធារណៈនៅអឺរ៉ុប និងអាមេរិកខាងជើង ក៏កំពុងស៊ើបអង្កេតករណីសង្ស័យ និងបានបញ្ជាក់ករណីថ្មីជាង ១០០ ករណី នៅក្នុងការផ្ទុះឡើងធំជាងគេបំផុតមួយ នៅក្រៅតំបន់អាហ្រ្វិក។ លោក Pebody បាននិយាយថា វិធានការចម្បងដើម្បីគ្រប់គ្រងការផ្ទុះឡើង គឺការតាមដានទំនាក់ទំនង និងការដាក់ឱ្យនៅដាច់ដោយឡែក ដោយកត់សម្គាល់ថា វាមិនមែនជាមេរោគដែលរីករាលដាលងាយៗនោះទេ ហើយក៏មិនទាន់បង្កជាជំងឺធ្ងន់ធ្ងរផងដែរ។ លោកបានបន្ថែមថា វ៉ាក់សាំងដែលនឹងត្រូវប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអុតស្វា អាចមានផលប៉ះពាល់សំខាន់ៗមួយចំនួនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






