អន្តរជាតិ

ប្រទេសកូឡុំប៊ីនឹងបញ្ជូនក្រុមអ្នកជំនាញដោះមីន ដើម្បីបណ្តុះបណ្តាលដល់យោធាអ៊ុយក្រែន ទប់ទល់នឹងការដាក់ពង្រាយគ្រាប់មីនដោយរុស្ស៊ី

BY
autoadmin
May 24, 2022

ក្រសួងការពារជាតិរបស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួននឹងបញ្ជូនក្រុមអ្នកជំនាញការដោះមីន ដើម្បីទៅបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន។ ប្រទេសកូឡុំប៊ី ដែលជាដៃគូម្នាក់របស់អង្គការណាតូ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពួកគេបានធ្វើការសម្រេចចិត្តតាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដោយនឹងបញ្ជូនវិស្វករយោធាចំនួន ១១នាក់ ទៅកាន់ប្រទេសជាសមាជិកអង្គការណាតូ ដើម្បីអាចបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន ឆ្លើយតបទៅតាមសេចក្តីរាយការណ៍ដែលថា រុស្ស៊ីបានដាំគ្រាប់មីននៅទូទាំងប្រទេសអ៊ុយក្រែន ដែលវាបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកស្រុក។

រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី លោក Diego Molano បាននិយាយថា ប្រទេសរបស់លោកនឹងប្រើប្រាស់ចំណេះជំនាញ និងចំណេះដឹងរបស់ខ្លួន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន។ ប្រទេសកូឡុំប៊ី ត្រូវបានគេនិយាយថា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានមីនច្រើនខ្លាំងបំផុតរបស់ពិភពលោក ដោយសារតែជម្លោះផ្ទៃក្នុងដែលមានអាយុកាលរាប់ទសវត្សរ៍។ ចាប់តាំងពីឆ្នាំ១៩៩០ មក គ្រាប់មីននៅទីនោះបានសម្លាប់មនុស្សជាង ២,៣០០ នាក់ និងរបួសជិត ១០,០០០ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: