អន្តរជាតិ

ប្រមុខចារកម្មអ៊ុយក្រែនបានអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់ត្រូវបានគេលបធ្វើឃា.ត កាលពីប៉ុន្មានខែមុន

BY
autoadmin
May 25, 2022

ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែនលោក Kyrylo Budanov បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់ត្រូវបានគេលបវាយប្រហារ ដោយពួកនៅតំបន់ Caucasus ដែលជាតំបន់រួមរបស់ប្រទេសអាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី និងផ្នែកខ្លះនៃប្រទេសរុស្ស៊ីភាគខាងត្បូង ប្រហែលជា ២ ខែមុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ លោក Budanov បាននិយាយថា៖«[វាគឺជាការ] ការប៉ុនប៉ងមិនជោគជ័យទេ ប៉ុន្តែវាពិតជាបានកើតឡើង… វាប្រហែល ២ខែ កន្លងទៅ។ ខ្ញុំនិយាយម្តងទៀត ការប៉ុនប៉ងនេះមិនបានជោគជ័យទេ ប៉ុន្តែវាបានកើតឡើងពិតមែន ទោះជាមិនមានការផ្សព្វផ្សាយជាសាធារណៈក៏ដោយ»។

យ៉ាងណាក៏ដោយ លោក Budanov មិនបានភ្ជាប់ការប៉ុនប៉ងធ្វើឃាតនេះ ទៅនឹងសង្រ្គាមអ៊ុយក្រែនទេ ដោយសារលោក ពូទីន មានសត្រូវច្រើននៅក្នុងតំបន់ជម្លោះពីមុនៗ។ ជាក់ស្ដែងលោក ពូទីន គាត់បានចេញបញ្ជាឱ្យរុស្ស៊ីចូលលុកលុយហ្សកហ្ស៊ីក្នុងឆ្នាំ២០០៨ ដែលជាសង្រ្គាមដែលបានបញ្ចប់ទៅដោយភាពជាប់គាំង ហើយបន្ដមានជម្លោះកម្រិតទាបប្រឆាំងនឹងក្រុមបះបោរអ៊ីស្លាមរួមទាំង ISIS នៅក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ស្ថានភាពសន្តិសុខក៏មានអស្ថិរភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយការប្រយុទ្ធគ្នារវាងអាមេនី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងអាស៊ែបៃហ្សង់ ដែលរាប់បញ្ចូលទាំងសង្រ្គាមលើតំបន់ជម្លោះ Nagorno-Karabakh ក្នុងឆ្នាំ២០២០។ អរិភាព​នៅតាម​ព្រំដែន​រួម​របស់​ពួកគេ ​បាន​កើត​ឡើង​នៅ​ដើម​ខែ​នៃ​ឆ្នាំ​នេះ មុនពេល​លោក​ ពូទីន​ បាន​បញ្ជា​ឱ្យ​វាយលុក​អ៊ុយក្រែន​នៅ​ចុងខែ​កុម្ភៈ។ លោក ពូទីន ត្រូវបានគេនិយាយថា មានការភ័យខ្លាចចំពោះការលបធ្វើឃាត ចាប់តាំងពីការប្រកាសសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីក្រុមវាយប្រហារជើងខ្លាំងរបស់លោក ត្រូវបានបញ្ជូនចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទម្លាក់ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky នៅដើមដំបូងនៃជម្លោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: