យ៉ាងហោចណាស់មានមនុស្សចំនួន ១៩នាក់ បានបាត់បង់ជីវិត បន្ទាប់ពីខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ នៅសាលាបឋមសិក្សាមួយក្នុងរដ្ឋតិចសាស់
- BY
- autoadmin
- May 25, 2022
យ៉ាងហោចណាស់មានសិស្សចំនួន ១៨នាក់ និងគ្រូម្នាក់ ត្រូវបានគេសម្លាប់ នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅសាលាបឋមសិក្សាមួយក្នុងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យជាសិស្សវិទ្យាល័យអាយុ ១៨ឆ្នាំ និងត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅកន្លែងកើតហេតុតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃអង្គារ ក្នុងទីក្រុង Uvalde ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbot បាននិយាយថា៖«អ្វីដែលបានកើតឡើងនៅ Uvalde គឺជាសោកនាដកម្មដ៏រន្ធត់ដែលមិនអាចអត់ឱនបាន»។

ការសម្លាប់រង្គាលនេះ បានកើតឡើងនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde និងជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារ ២០នាក់ និងមនុស្សពេញវ័យ ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut ជិតមួយទសវត្សរ៍មុន។ ការបាញ់ប្រហារនេះក៏បានកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការផ្ទុះឡើងនៃការរើសអើងជាតិសាសន៍ដ៏សាហាវនៅក្នុងផ្សារទំនើបមួយ នៅក្រុង Buffalo នៃរដ្ឋញូវយ៉ក ដែលបានឆក់យកជីវិតមនុស្សប្រមាណជា ១០ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






