អង្គការសហប្រជាជាតិ៖ មនុស្សជិត ៤,០០០ នាក់ បានបាត់បង់ជីវិត ខណៈ ៦.៦ លាននាក់ បានចាកចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម
- BY
- autoadmin
- May 25, 2022
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនប្រហែល ៦.៥៩ លាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន គិតត្រឹមថ្ងៃច័ន្ទ ទី២៣ ខែឧសភា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬ UNHCR បាននិយាយថា មនុស្សប្រហែល ៣.៥២ លាននាក់ នៅក្នុងចំណោមជនភៀសខ្លួនទាំងនោះ បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ, ៩៦០,០០០ នាក់ បានទៅប្រទេសរ៉ូម៉ានី, ៦៤០,០០០ នាក់ ទៅប្រទេសហុងគ្រី និង ៤៧០,០០០ នាក់ ទៅប្រទេសម៉ុលដាវី ខណៈប្រហែល ៩៣០,០០០ នាក់ បានទៅប្រទេសរុស្ស៊ី។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឬ OHCHR បានឱ្យថា គិតត្រឹមថ្ងៃចន្ទនេះ មានជនស៊ីវិលយ៉ាងតិច ៣,៩៤២ នាក់ (កុមារ ២៥៨ នាក់) ត្រូវបានសម្លាប់នៅអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។ OHCHR និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានការស្លាប់ចំនួន ២,២០៩ នាក់ ត្រូវបានរាយការណ៍នៅក្នុងតំបន់ភាគខាងកើតនៃ Donetsk និង Luhansk ។ ការស្លាប់ចំនួន ១,៧៣៣ នាក់ ក៏ត្រូវបានបញ្ជាក់នៅក្នុងតំបន់មួយចំនួន រួមទាំង Kharkov នៅភាគខាងកើត និងទីក្រុង Kyiv ផងដែរ។
OHCHR និយាយថា ជនស៊ីវិលចំនួន ៤,៥៩១ នាក់ បានរងរបួសគិតត្រឹមរយៈពេលដូចគ្នានេះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានកត់សម្គាល់ថា ចំនួនអ្នកស្លាប់ និងរបួសសរុបពិតប្រាកដ ទំនងជាមានច្រើនជាងតួលេខដែលបានបញ្ជាក់ ដោយសារចំនួនស្លាប់ និងរបួសនៅក្នុងទីក្រុងកំពង់ Mariupol ដែលជាកន្លែងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្ត មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






