មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអឺរ៉ុប៖ ជំងឺអុតស្វា Monkeypox ពេលនេះបានកើនដល់ ២១៩ ករណី នៅក្រៅប្រទេសដែលធ្លាប់មានជំងឺនេះពីមុន
- BY
- autoadmin
- May 26, 2022
ចំនួនករណីជំងឺអុតស្វា Monkeypox នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងដល់ ២១៩ ករណី នៅខាងក្រៅប្រទេសដែលធ្លាប់ប្រឈមនឹងជំងឺនេះពីមុន នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារជំងឺរបស់សហភាពអឺរ៉ុប។ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) កាលពីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសជាង ១០ ដែលកំពុងមានជំងឺអុតស្វាខុសពីធម្មតា ភាគច្រើននៅអឺរ៉ុប បានរាយការណ៍ពីករណីដែលបានបញ្ជាក់យ៉ាងហោចណាស់ ១ ករណី។ ខ្លួនបាននិយាយថា៖«នេះគឺជាលើកទីមួយហើយ ដែលដំណើរការឆ្លងត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប ដោយមិនមានទំនាក់ទំនង ជាមួយនឹងអាហ្វ្រិកខាងលិច ឬកណ្តាល ដែលជំងឺនេះជាប្រភេទកើតយូរៗម្ដង (endemic)»។
ចក្រភពអង់គ្លេសបច្ចុប្បន្នកំពុងមានករណីច្រើនជាងគេគឺ ៧១ ករណី តាមពីក្រោយដោយប្រទេសអេស្ប៉ាញ ដែលមាន ៥១ ករណី និងព័រទុយហ្គាល់ ៣៧ ករណី។ នៅក្រៅទ្វីបអឺរ៉ុប ប្រទេសកាណាដា មានចំនួន ១៥ ករណី ហើយសហរដ្ឋអាមេរិក មានចំនួន ៩ ករណី។ ចំនួនករណីសរុបដែលបានរាយការណ៍កាលពីថ្ងៃពុធ បានកើនឡើង ៥ដង ចាប់តាំងពីការរាប់លើកដំបូងនៅថ្ងៃទី២០ ខែឧសភា ដែលពេលនោះករណីមានតែ ៣៨ ប៉ុណ្ណោះ។ ECDC បានបន្ថែមថា ករណីភាគច្រើនត្រូវបានរកឃើញលើបុរសវ័យក្មេង ដោយកំណត់អត្តសញ្ញាណខ្លួនឯងថា ជាបុរសដែលរួមភេទជាមួយបុរស។ ហានិភ័យនៃការឆ្លងរបស់ជំងឺអុតស្វា Monkeypox គឺមានកម្រិតទាប ហើយមិនដែលមានករណីស្លាប់នោះទេ ប៉ុន្តែសម្រាប់អ្នកមានដៃគូច្រើន អាចនឹងមានហានិភ័យខ្ពស់។
ជំងឺនេះរីករាលដាលដោយការខាំ ឬការប៉ះពាល់ផ្ទាល់ជាមួយឈាម សាច់ ឬវត្ថុរាវ ក្នុងរាងកាយរបស់សត្វដែលមានមេរោគ ហើយរោគសញ្ញាដំបូងរួមមាន គ្រុនក្តៅខ្លាំង មុនពេលវិវត្តទៅជាកន្ទួល។ អ្នកដែលឆ្លងមេរោគនេះ ក៏មានកន្ទួលដូចជំងឺអុតស្វាយ (chickenpox) នៅលើដៃ និងមុខរបស់ពួកគេដែរ។ មិនមានការព្យាបាលទេ ប៉ុន្តែរោគសញ្ញាជាធម្មតាបាត់ទៅវិញបន្ទាប់ពី ២ ទៅ ៤ សប្តាហ៍ ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post: