អន្តរជាតិ

ថៃបានបង្កើតកម្មវិធីទូរស័ព្ទមួយឈ្មោះថា «TH Parliament» ដើម្បីរំលឹកសមាជិកសភាទាំងឡាយកុំឱ្យភ្លេចការប្រជុំ

BY
autoadmin
May 26, 2022

វាមិនមែនជារឿងងាយស្រួលនោះទេ នៅពេលដែលការប្រជុំសភាណាមួយត្រូវបានធ្វើឡើង ហើយសមាជិកសំខាន់ៗសម្រាប់ការប្រជុំមួយនោះត្រូវអវត្តមាន ឬភ្លេចថាខ្លួនត្រូវមានកិច្ចប្រជុំ។ ដើម្បីដោះស្រាយបញ្ហាអវត្តមានរបស់សមាជិកសភាទាំងនោះ លេខាធិការដ្ឋាននៃរដ្ឋសភាថៃបានបង្កើតកម្មវិធីទូរស័ព្ទមួយឈ្មោះថា «TH Parliament» ដើម្បីជូនដំណឹងជាមុន ទៅដល់សមាជិកសភាទាំងឡាយ ពាក់ព័ន្ធនឹងកិច្ចប្រជុំដែលនឹងមកដល់ណាមួយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។ ការពិតទៅ ជាធម្មតាសភាថៃនឹងមានកិច្ចប្រជុំនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ប៉ុន្តែដោយសារតែសមាជិកមួយចំនួននៅតែភ្លេចតួនាទីរបស់ខ្លួន ទើបគេបង្កើតកម្មវិធីទូរស័ព្ទនេះឡើង ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពនៅក្នុងកិច្ចប្រជុំ។

កាលពីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ លោក Nattakarn Chochana លេខាធិការ​នៃ​ក្រុម​ការងារ​នយោបាយថៃបានប្រកាសថា ការិយាល័យព័ត៌មានវិទ្យា បានបង្កើតកម្មវិធីមួយឈ្មោះថា TH Parliament ដើម្បីកែលម្អទំនាក់ទំនងសភា។ លោក Nattakarn បានពន្យល់ថា កម្មវិធីនោះនឹងជូនដំណឹងដល់សមាជិកសភា អំពីកិច្ចប្រជុំនាពេលខាងមុខ និងអនុញ្ញាតឱ្យសមាជិកស្នើសុំការឈប់សម្រាកជាផ្លូវការ។ លោក Nattakarn មានប្រសាសន៍ថា សភាសង្ឃឹមថា កម្មវិធីនេះនឹងធ្វើឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងដោះស្រាយបញ្ហាកង្វះសមាជិកសភាមកចូលរួម។

សភានឹងមានកិច្ចប្រជុំនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ប៉ុន្តែដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពនៃការអង្គុយក្នុងតុសភា លេខាធិការបានប្រកាសថា សភានឹងបន្ថែមកិច្ចប្រជុំពិសេសបន្ថែមទៀតនៅថ្ងៃសុក្រ ពីរដងក្នុងមួយខែ។ កាលវិភាគនៃកិច្ចប្រជុំពិសេសទាំងពីរ នឹងត្រូវបញ្ជូនទៅសមាជិកសភាតាមរយៈកម្មវិធីថ្មី។ គួរឱ្យដឹងដែរថា ប្រទេសថៃមានសមាជិកសភាចំនួន ៤៧៤ នាក់ ហើយយ៉ាងហោចណាស់មានសមាជិកចំនួន ២៣៧ នាក់ ត្រូវបានគេចាត់ទុកជាសមាជិកសំខាន់ក្នុងកិច្ចប្រជុំ ឬ​កូរ៉ុម (quorum)។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា កិច្ចប្រជុំ​សភា​បាន​បរាជ័យ​កាលពី​ពេល​ថ្មីៗ​នេះ ដោយសារ​កង្វះ​កូរ៉ុម​ចំនួន ១៧ដង ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: