ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ពី​ករណី​ជំងឺអុត​ស្វា Monkeypox ​ចំនួន ​៩​ករណី​ ចេញពីរដ្ឋ​ចំនួន​៧​

    BY autoadmin May 27, 2022
    សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ពី​ករណី​ជំងឺអុត​ស្វា Monkeypox ​ចំនួន ​៩​ករណី​ ចេញពីរដ្ឋ​ចំនួន​៧​

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ បានរកឃើញករណីជំងឺអុតស្វា Monkeypox ចំនួន ៩ ករណី នៅក្នុងរដ្ឋចំនួន ៧ ហើយករណីខ្លះមិនមានប្រវត្តិធ្វើដំណើរចេញចូលក្រៅប្រទេសនាពេលថ្មីៗនេះទេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (CDC) បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធនេះ ករណី Monkeypox ចំនួន ៩ ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋម៉ាសាឈូសេត, ផ្លរីដា, យូថាហ៍, វ៉ាស៊ីនតោន, កាលីហ្វ័រញ៉ា, វឺជីនៀ និងញូវយ៉ក។ រោគ​សញ្ញា​របស់ជំងឺ Monkeypox រួម​មាន​គ្រុន​ក្តៅ និង​មាន​កន្ទួល​រមាស់ ហើយកន្លងមកគេមិនទាន់រកឃើញករណីធ្ងន់ធ្ងរនៅឡើយទេ។

    នាយក CDC លោក Rochelle Walensky នៅក្នុងសន្និសីទសារព័ត៌មានបាននិយាយថា ករណី Monkeypox ទាំងអស់នៅសហរដ្ឋអាមេរិក គឺរកឃើញពីក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងបុរសផ្សេងទៀតដែលរួមភេទជាមួយបុរស។ លោក Walensky បាននិយាយថា នេះជាការលើកឡើងតាមវិទ្យាសាស្រ្ត មិនមែនដោយការមាក់ងាយនោះទេ។ គួរឱ្យដឹងដែរថា ជំងឺអុតស្វា Monkeypox គឺជាជំងឺដែលកើតយូរៗម្ដង (Endemic) នៅនៅអាហ្វ្រិកខាងលិច និងកណ្តាល ហើយរហូតមកទល់នឹងពេលនេះ មានប្រទេសជាង ២០ នៅទូទាំងពិភពលោក បានរាយការណ៍ពីជំងឺ Monkeypox ដោយមានប្រហែល ២០០ ករណី ដែលត្រូវបានបញ្ជាក់ និងច្រើនជាង ១០០ ករណី ស្ថិតក្នុងករណីសង្ស័យ ខណៈករណីមួយចំនួនគ្មានប្រវត្តិធ្វើដំណើរចេញចូលមកពីក្រៅប្រទេសនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: