នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin បានទៅជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Zelenskyy នៅទីក្រុងគៀវ
- BY
- autoadmin
- May 27, 2022
នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ និងបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ យោងតាមការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឱ្យដឹងថា លោកស្រី Marin បាននិយាយថា៖«ស្មារតីវីរភាពរបស់ប្រជាជនអ៊ុយក្រែន ដែលកំពុងតស៊ូ ដើម្បីសេរីភាពរបស់ពួកគេ និងអឺរ៉ុបទាំងមូលគឺគួរឱ្យកោតសរសើរ»។ លោក Zelenskyy ក៏បានសម្តែងការដឹងគុណចំពោះជំនួយ និងទណ្ឌកម្មផ្នែកយោធារបស់ប្រទេសហ្វាំងឡង់ ប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ី។

លោកបាននិយាយថា ដំណើរទស្សនកិច្ចរបស់មន្ត្រីបរទេសជាន់ខ្ពស់ ទៅប្រទេសអ៊ុយក្រែនគឺជា «សញ្ញាដ៏សំខាន់នៃការគាំទ្រ» ចំពោះប្រទេសអ៊ុយក្រែន។ ដោយសំដៅលើពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន លោក Zelenskyy បាននិយាយថា លោកមានទំនុកចិត្តថា ការបោះឆ្នោតរបស់ប្រទេសហ្វាំងឡង់ នឹងមិនធ្វើឱ្យប្រជាជនអ៊ុយក្រែនខកចិត្តឡើយ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលហ្វាំងឡង់បាននិយាយថា លោកស្រី Marin ក៏បានទៅទីក្រុង Bucha និង Irpin របស់អ៊ុយក្រែន ដើម្បីសាកសួរសុខទុក្ខពលរដ្ឋ ដែលរងគ្រោះដោយសារសង្គ្រាមនៅទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






