នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានបញ្ឈប់ការរាប់ចំនួនករណីឆ្លងជំងឺកូវីដ១៩ថ្មីៗ ពីអ្នកដែលតេស្ដជំងឺដោយប្រើប្រាស់ឧបករណ៍តេស្តអង់ទីហ្សែន
- BY
- autoadmin
- May 30, 2022
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) បានបញ្ឈប់ការរាយការណ៍អំពីករណីឆ្លងជំងឺ COVID-19 ដោយការប្រើប្រាស់ឧបករណ៍តេស្តអង់ទីហ្សែន (Antigen Test Kit) នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ អ្នកនាំពាក្យរបស់ CCSA បាននិយាយថា សំណើមួយផ្សេងទៀតសម្រាប់ការផ្លាស់ប្តូរនៅក្នុងរបាយការណ៍ COVID-19 ក៏នឹងត្រូវដាក់ជូន នៅក្នុងកិច្ចប្រជុំនៃមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់របស់ក្រសួងសុខភាពសាធារណៈផងដែរ។ សំណើមួយនោះបានចែងថា ចាប់ពីថ្ងៃទី០១ ខែមិថុនា DDC នឹងរាយការណ៍តែករណី ដែលតម្រូវឱ្យចូលសម្រាកនៅមន្ទីរពេទ្យប៉ុណ្ណោះ។

អ្នកនាំពាក្យលោកវេជ្ជបណ្ឌិត Sumanee Wacharasint បាននិយាយថា ក្រសួងសុខាភិបាលសាធារណៈ បានកែសម្រួលរបាយការណ៍ករណីរបស់ខ្លួន ឱ្យមានការប្រកាសជាមធ្យម ២ សប្តាហ៍ម្ដង ប៉ុន្តែ CCSA នៅតែផ្តល់បច្ចុប្បន្នភាពនៃការឆ្លងជារៀងរាល់ថ្ងៃ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាលសាធារណៈបានបន្ធូរបន្ថយតម្រូវការការពាក់ម៉ាស់នៅតាមតំបន់ ហើយបទប្បញ្ញត្តិអាចត្រូវបានកែសម្រួលនៅពាក់កណ្តាលខែមិថុនានេះ។ កាលពីសប្តាហ៍មុន CCSA ក៏បានយល់ព្រមចាត់ថ្នាក់ខេត្តទាំងអស់ជា ៣ ពណ៌ដូចជា៖ ពណ៌លឿង (ការឃ្លាំមើលខ្ពស់បំផុត), ពណ៌ខៀវ (តំបន់ទេសចរណ៍) និងបៃតង (ការឃ្លាំមើលទាប) ដើម្បីងាយស្រួលនៅក្នុងការដាក់កម្រិតនៃការពាក់ម៉ាស់។
ជាមួយគ្នានេះដែរ ក្រុម «608» ដែលជាក្រុមមានហានិភ័យខ្ពស់រួមមាន៖ មនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ អ្នកដែលមានជំងឺជាប់ខ្លួន និងស្ត្រីមានផ្ទៃពោះ ត្រូវបានគេណែនាំឱ្យបន្ដពាក់ម៉ាស់ជាចាំបាច់ នៅក្នុងតំបន់ជាក់លាក់ ដូចមនុស្សទាំងអស់ នៅកន្លែងដែលមានមនុស្សច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






