ស្វែងយល់ពីរោគសញ្ញា និងវិធីព្យាបាលជំងឺអុតស្វា Monkeypox ដែលកំពុងចម្លងរាតត្បាតនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង
- BY
- autoadmin
- May 30, 2022
ករណីជំងឺអុតស្វា Monkeypox នៅតែបន្តកើនឡើង ខណៈដែលការផ្ទុះឡើងនាពេលថ្មីៗនេះ បានចម្លងទៅដល់ប្រទេសនៅអាមេរិកខាងជើង និងតំបន់អឺរ៉ុបជាច្រើន។ គិតត្រឹមថ្ងៃពុធ ការឆ្លងចំនួន ១៨៩ ករណី ត្រូវបានបញ្ជាក់ ហើយមាន ៩៤ ករណី ត្រូវបានគេសង្ស័យថា បានកើតនៅប្រទេសដែលកម្រនឹងមានជំងឺនេះពីមុនមក នេះបើយោងតាមទិន្នន័យរបស់ Global health ។ សហរដ្ឋអាមេរិកក៏កំពុងរាយការណ៍ពីករណីថ្មីចំនួន ៨ ដោយក្នុងនោះមាន ១ ករណី ត្រូវបានបញ្ជាក់ និង ៧ ករណី ស្ថិតក្រោមការសង្ស័យ នេះបើតាមការរាយការណ៍របស់លោកស្រីវេជ្ជបណ្ឌិត Jennifer McQuiston អនុប្រធានផ្នែកជំងឺឆ្លង និងរោគវិទ្យា នៅមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។

លោកស្រីវេជ្ជបណ្ឌិត McQuiston បាននិយាយថា វាលឿនពេកនៅក្នុងការសន្និដ្ឋាន ហើយករណីជំងឺអុតស្វា អាចនឹងបន្ដកើនឡើងនៅសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិតមានជំនឿថា ជំងឺអុតស្វា មិនបង្កឱ្យមានហានិភ័យខ្ពស់នៅក្នុងសហគមន៍នោះទេ ប៉ុន្តែក្រុមការងារនឹងបង្កើនការឃ្លាំមើលនៅតាមសហគមន៍ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនេះ។
- ការចម្លង៖
វាគឺជាជំងឺក្នុងគ្រួសារតែមួយជាមួយជំងឺអុតធំ (Smallpox) ហើយមានរោគសញ្ញាស្រដៀងគ្នា គ្រាន់តែជំងឺអុតស្វា មានសភាពស្រាលជាង នៅពេលដែលវាកើតនៅលើមនុស្ស។ ការចម្លងរបស់ជំងឺអុតស្វាពីសត្វ ឬពីអ្នកជំងឺ ក៏មានតិចជាងជំងឺអុតធំផងដែរ។ សត្វអាចចម្លងជំងឺនេះទៅកាន់មនុស្ស តាមរយៈការខាំ ឬក្រញៅ ហើយមនុស្សក៏អាចឆ្លងជំងឺនេះ នៅពេលមានការប៉ះពាល់ ឬបរិភោគសាច់ដែលមានមេរោគ។ ចំណែកការឆ្លងពីមនុស្សទៅមនុស្ស គឺច្រើនមានតាមរយៈការស្និទ្ធស្នាលគ្នា ដូចជា៖ ការឱប និង ប៉ះពាល់ផ្ទាល់ ឬ ការនៅទល់មុខគ្នាយូរពេក។
លោកស្រីវេជ្ជបណ្ឌិត McQuiston បាននិយាយថា កន្លងមកមានការរាយការណ៍ពីករណីជំងឺអុតស្វា ពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬ ការរួមភេទរវាងបុរសនិងបុរស ប៉ុន្តែគ្មានភស្តុតាងណាអាចនិយាយបានថា ជំងឺនេះឆ្លងតាមការរួមភេទនោះទេ។ លោកស្រីបានបន្ថែមផងដែរថា ជំងឺអុតស្វា មានចំនួន ២ ប្រភេទ ហើយប្រភេទដែលកំពុងឆ្លងនាពេលបច្ចុប្បន្ន គឺមកពីអាហ្វ្រិកខាងលិច ដែលជាប្រភេទស្រាលជាងក្នុងចំណោមប្រភេទទាំង ២ ។
- រោគសញ្ញា៖
រយៈពេលមេរោគសំងំ (incubation) អាចមានពី ៥ ទៅ ២១ ថ្ងៃ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ជាធម្មតា ជំងឺនេះចាប់ផ្តើមដោយគ្រុនក្តៅ ឈឺក្បាល អស់កម្លាំង ញាក់ និងឈឺសាច់ដុំ ហើយវាខុសពីជំងឺអុតធំ នៅត្រង់ថា វាអាចឱ្យហើមកូនកណ្តុរ។ ក្នុងរយៈពេលពី ១ ទៅ ៣ថ្ងៃ អ្នកដែលឆ្លងមេរោគជាធម្មតានឹងវិវត្តន៍ទៅជាកន្ទួល ដែលចាប់ផ្តើមនៅលើមុខ ហើយបន្ទាប់មករាលដាលដល់រាងកាយ។ ដំបៅចាប់ផ្តើមចេញជាចំណុចខ្មៅនៅលើស្បែក មុនពេលវិវត្តទៅជាដុំពក ដែលពោរពេញដោយសារធាតុរាវ ឬខ្ទុះ។ ក្រោយមកទៀតវានឹងកើតទៅជាដំបៅ ហើយនឹងជាសះស្បើយទៅវិញ ប៉ុន្តែអាចបន្សល់ស្នាម និងការប្រែពណ៌នៅចំណុចដំបៅ។
- វិធីព្យាបាល៖
មនុស្សភាគច្រើនដែលមានជំងឺអុតស្វា ជាធម្មតាជាសះស្បើយក្នុងរយៈពេលពីរទៅបួនសប្តាហ៍ ដោយគ្មានការព្យាបាលជាក់លាក់ឡើយ។ ថ្នាំប្រឆាំងវីរុសដែលជាធម្មតាត្រូវបានប្រើប្រាស់សម្រាប់ជំងឺអុតធំ គឺមានប្រសិទ្ធភាពជាមួយជំងឺអុតស្វា នេះបើតាមការសិក្សាក្នុងមន្ទីរពិសោធន៍ និងការសាកល្បងលើសត្វ។ វ៉ាក់សាំងសម្រាប់ជំងឺអុតធំ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺអុតស្វាផងដែរ នៅពេលដែលមនុស្សប៉ះពាល់ទៅនឹងបរិស្ថាននៃជំងឺ។ ទិន្នន័យពីទ្វីបអាហ្រ្វិកបង្ហាញថា វ៉ាក់សាំងមួយដែលមានឈ្មោះថា JYNNEOS មានប្រសិទ្ធភាពយ៉ាងហោចណាស់ ៨៥% ក្នុងការបង្ការជំងឺអុតស្វានេះ។
គួរឱ្យដឹងដែរថា ជំងឺអុតស្វា monkeypox ជាធម្មតាមិននាំទៅរកការស្លាប់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងទ្វីបអាហ្រ្វិក វាត្រូវបានគេរកឃើញថា បណ្តាលឱ្យមានអ្នកស្លាប់ ១ នាក់ ក្នុងចំណោម ១០ នាក់ នេះបើយោងតាម CDC ៕

អត្ថបទ៖ លីដា
ប្រភព៖ ABC news
- Share This Post:






