ថៃប្រកាសរកឃើញករណីអ្នកជម្ងឺអុតស្វាមួយករណីលើអ្នកដំណើរបរទេសម្នាក់ ដែលផ្ទេរជើងយន្តហោះនៅព្រលានរបស់ខ្លួន
- BY
- autoadmin
- May 31, 2022
ថៃ៖ នាថ្ងៃទី 30 ខែឧសភា ឆ្នាំ 2022 ថ្មីៗនេះ លោកវេជ្ជបណ្ឌិត Chakrarat Pittayawong Anon ប្រធាននាយកដ្ឋានរោគរាតត្បាត និងនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញអំពីស្ថានភាពជំងឺអុតស្វា (Monkeypox) ថា «ថៃបានរកឃើញករណីអ្នកជម្ងឺអុតស្វាមួយករណី» ដែលមានប្រវត្តិឆ្លងកាត់ និងផ្ទេរជើងយន្តហោះនៅអាកាសយានដ្ឋានក្នុងប្រទេសថៃ រយៈពេល ២ម៉ោង ដែលមានគោលដៅបន្តដំណើរទៅប្រទេសអូស្ត្រាលី ហើយមានមនុស្សចំនួន ១២នាក់ទៀតប្រឈមនឹងហានិភ័យ។ ក្នុងនោះដែររួមមាន ជាអ្នកដំណើរ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងដំណើរការតាមដានរោគសញ្ញា។ ខណៈពេលនេះទាំង ១២ នាក់មិនទាន់មានរោគសញ្ញានៅឡើយទេស្ថិតក្នុងការតាមដាន។

ខណៈពេលនេះដែរក៏មានសេចក្តីរាយការណ៍បន្ថែមពីករណីផ្សេងទៀត គឺករណីដែលមានការសង្ស័យមនុស្សចំនួន ៥ ដោយក្នុងចំនោមនោះដែរ ត្រូវបានគេរាយការណ៍ថា ៣នាក់ជាភ្ញៀវទេសចរជនជាតិអ៊ីស្លង់ (Icelandic) ដែលត្រូវជាបងប្អូនប្រុសស្រីគ្នា បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីរៀន Muay Thai នៅឯភូកេត។ ដំបូងឡើយ គេបានរកឃើញថា អ្នកទាំងបីមានរោគសញ្ញាស្រដៀងទៅនឹងជំងឺអុតស្វា គឺជាពងបែកប៉ោងច្បាស់នៅលើដងខ្លួន ប៉ុន្តែនៅពេលពិនិត្យដោយវិធីសាស្ត្រ RT-PCR ពីមន្ទីរពិសោធន៍ចំនួន២ គឺនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលព្យាបាលជម្ងឺបន្ទាន់ មន្ទីរពេទ្យជូឡាឡុងកន មេម៉ូរីល។ គេបានរកឃើញថា លទ្ធផលបានបញ្ជាក់ថា ពួកគេទាំងបីនាក់គ្រាន់តែជាជំងឺរើមប៉ុណ្ណោះ។
បន្ទាប់ពីការស៊ើបអង្កេតលើករណី Monkeypox ទៅលើអ្នកជំងឺ 2 នាក់ទៀតនោះ ដែលបានប៉ះនិងប្រើឧបករណ៍ហាត់ប្រាណនៅក្លិបហាត់ប្រាណរួមជាមួយអ្នកជម្ងឺ 3នាក់ខាងលើក៏ជាជម្ងឺរើមដូចគ្នា។ ជុំវិញករណីខាងលើ បណ្តាលអោយមានអ្នកប៉ះពាល់ដោយប្រយោលចំនួន ២០នាក់ ដែលជាគ្រូបង្វឹក និង អតិថិជនដែលជាសមាកជិកហាត់ប្រាណនៅក្លិបហាត់ប្រាណទីនោះ។ ចំណែកអ្នកជំងឺទាំង៥នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាស្ថាន «Bamrasnaradura Institute»ហើយ៕

អត្ថបទ៖ Bee
ប្រភព៖ thansettakij
- Share This Post:






