អន្តរជាតិ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ដៃគ្នាបង្ហោះមីស៊ីលចំនួន ៨គ្រាប់ ឆ្លើយតបទៅនឹងកូរ៉េខាងជើង

BY
autoadmin
June 6, 2022

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលចំនួន ៨គ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន ក្នុងគោលបំណងឆ្លើយតបនឹងកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងមួយថ្ងៃមុននេះ។ យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីសរុបចំនួន ៨ គ្រាប់ពីទីតាំងចំនួន ៤ រួមទាំងពីតំបន់ Sunan ក្បែរទីក្រុងព្យុងយ៉ាង ឆ្ពោះទៅភាគខាងកើតក្នុងរយៈពេលជាង ៣០ នាទី។ ដូច្នេះហើយ កងកម្លាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់បង្ហោះមីស៊ីល ATACMS ក្នុងចំនួនដូចគ្នា ក្នុងរយៈពេល ១០ នាទី ចាប់ពីម៉ោង ៤:៤៥ នាទីព្រឹក កាលពីថ្ងៃចន្ទ។ មីស៊ីល​ចំនួន ៧ គ្រាប់ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាញ់​ដោយ​កូរ៉េ​ខាង​ត្បូង ហើយ ១ គ្រាប់ ​ដោយ​កង​កម្លាំង​អាមេរិក។

យោធាកូរ៉េខាងត្បូងនិយាយថា ការបាញ់មីស៊ីលរួមគ្នានេះ «បានបង្ហាញពីសមត្ថភាព និងឥរិយាបថក្នុងការបាញ់ប្រហារយ៉ាងជាក់លាក់ភ្លាមៗ ទៅលើប្រភពដើមនៃការបង្កហេតុ និងបញ្ជាការ និងកម្លាំងគាំទ្ររបស់ពួកគេ»។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៣ គ្រាប់ រួមទាំងអ្វីដែលមើលទៅដូចជាមីស៊ីលផ្លោងអន្តរទ្វីបផងដែរ។ បន្តិចក្រោយមក យោធាអាមេរិក និងកូរ៉េខាងត្បូង បានបាញ់មីស៊ីលពីដីទៅដីចំនួន ២គ្រាប់ ឆ្លើយតបទៅវិញភ្លាម។ គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួននាពេលខាងមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: