អន្តរជាតិ

មន្ត្រីបង់ក្លាដែស បញ្ជាក់ពីមូលហេតុបណ្តាលឲ្យឆាបឆេះទូកុងតឺន័រយ៉ាងសន្ធោសន្ធៅ ហើយឆក់យកជីវិតមនុស្សជាង ៤០នាក់ និងជាច្រើនរយនាក់រងរបួស

BY
autoadmin
June 7, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា អ្នកពន្លត់អគ្គីភ័យចំនួន ៩នាក់ នៅក្នុងចំណោមមនុស្សច្រើនជាង ៤០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីអគ្គីភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះដេប៉ូកុងតឺន័រ BM នៅតំបន់ Sitakunda ចម្ងាយ ៤០គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែ Chittagong របស់ប្រទេសបង់ក្លាដែស។ ក្រុមមន្ត្រីបានបន្ទោសបញ្ហានេះ ទៅលើការទុកដាក់មិនត្រឹមត្រូវរបស់ប្រតិបត្តិករកុងតឺន័រ ដោយសារទីតាំងកើតហេតុ មានកុងតឺន័រផ្ទុកសារធាតុអ៊ីដ្រូ​សែនពែរ៉ូស៊ីត (Hydrogen peroxide) ហើយអ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់ភ្លើង ដោយការប្រើទឹក ជំនួសឱ្យការប្រើទឹកហ្វម។ គួរឱ្យដឹងដែរថា សារធាតុអ៊ីដ្រូ​សែនពែរ៉ូស៊ីតដែលឆាបឆេះ មិនអាចពន្លត់ដោយប្រើប្រាស់ទឹកធម្មតាបាននោះឡើយ ទើបធ្វើឱ្យស្ថានភាពអគ្គិភ័យមិនអាចគ្រប់គ្រងបានទាន់ពេលវេលា។

អគ្គិភ័យបានឆាបឆេះរយៈពេល ៣ថ្ងៃ ទម្រាំតែក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងវាបាន ប៉ុន្តែស្ថានភាពភ្លើងឆេះនៅមិនទាន់រលត់អស់ទាំងស្រុងនោះទេ។ គិតត្រឹមថ្ងៃចន្ទ ក្រុមមន្ត្រីបានកែប្រែចំនួនអ្នកស្លាប់ដំបូងពី ៤៩នាក់ មកត្រឹម ៤១នាក់ ដោយសារសាកសពមួយចំនួនត្រូវបានរាប់ ២ដង។ ទន្ទឹមនឹងនេះដែរ ក៏មានមនុស្សប្រមាណ ៣០០ នាក់ បានរងរបួស ឬនៅតែបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយនេះ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង។ យ៉ាងណាក៏ដោយ ម្ចាស់​ដេប៉ូ​ BM នៅមិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ។ ចំណែកមេប៉ូលីសក្នុងតំបន់ គឺលោក Abul Kalam Azad បាននិយាយថា ការស៊ើបអង្កេតលើមូលហេតុនៃការឆេះបានចាប់ផ្តើមហើយ។ ក្រុមមន្ដ្រីក៏បានណែនាំឱ្យមានការរាយការណ៍ពីការបាត់ខ្លួន ពីគ្រួសាររបស់ជនរងគ្រោះ ដើម្បីអាចឱ្យមន្ត្រីងាយនឹងកំណត់បានអំពីការស្លាប់ ឬបាត់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: