អន្តរជាតិ

ចក្រភពអង់គ្លេសកំពុងចាប់ផ្ដើមសាកល្បងម៉ោងការងារថ្មី ដោយឱ្យបុគ្គលិកធ្វើការចំនួន ៤ថ្ងៃ នៅក្នុងមួយសប្តាហ៍

BY
autoadmin
June 7, 2022

បុគ្គលិកនៅទូទាំងចក្រភពអង់គ្លេសនឹងអាចសាកល្បងម៉ោងការងារថ្មី ដែលតម្រូវឱ្យធ្វើការរយៈពេល ៤ថ្ងៃ នៅក្នុងមួយសប្ដាហ៍ (four-day work) ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។ ការសាកល្បងម៉ោងការងារថ្មីនេះ នឹងមានរយៈពេល ៦ខែ ហើយវាគឺជាកម្មវិធីដ៏ធំបំផុតមិនធ្លាប់មានពីមុន ដោយមានការចូលរួមពីបុគ្គលិកចំនួន ៣,៣០០ នាក់ មកពី ៧០ ក្រុមហ៊ុន ដែលមានចាប់ពីសេវាកម្មហិរញ្ញវត្ថុរហូតដល់ភោជនីយដ្ឋាន។ ក្នុងអំឡុងពេលសាកល្បង បុគ្គលិកនឹងបន្តទទួលបាន ១០០% នៃប្រាក់ខែរបស់ពួកគេ បើទោះបីជាកាត់បន្ថយម៉ោងការងារនៅត្រឹម ៨០% ប៉ុន្តែពួកគេក៏ត្រូវរក្សាឱ្យបាន ១០០% នៃផលិតភាពការងាររបស់ពួកគេផងដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីអង្គការមិនរកប្រាក់ចំណេញ 4 Day Week Global ដែលជាអ្នករៀបចំការស្រាវជ្រាវនេះ។

ឥឡូវនេះការសាកល្បងកំពុងរៀបចំឡើងដោយអង្គការ 4 Day Week Global ជាមួយនឹងយុទ្ធនាការ 4 Day Week UK ក្នុងភាពជាដៃគូជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge, សាកលវិទ្យាល័យ Oxford និងមហាវិទ្យាល័យ Boston ។

គួរឱ្យដឹងដែរថា មានប្រទេស និងក្រុមហ៊ុនជាច្រើន បាននឹងកំពុងធ្វើការពិសោធជាមួយនឹង four-day work ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែងក្រុមហ៊ុន Microsoft ក៏បានសាកល្បងម៉ោងការងារថ្មីនេះ ជាមួយនឹងបុគ្គលិករបស់ខ្លួននៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៩ ហើយបានមើលឃើញពីភាពវិជ្ជមាន និងបានរាយការណ៍ពីការកើនឡើងនៃចំនួនការលក់។ ការសាកល្បងមួយដែលធ្វើឡើងនៅប្រទេសអ៊ីស្លង់ នៅចន្លោះឆ្នាំ២០១៥ និង ២០១៩ ក៏បានរកឃើញថា មិនមានការថយចុះនៃផលិតភាពការងារនោះទេ ហើយវាថែមទាំងមានការកើនឡើងយ៉ាងខ្លាំងនៃសុខុមាលភាពរបស់បុគ្គលិកទៀតផង។ ឥឡូវនេះ ប្រមាណ ៨៦% នៃកម្លាំងការងាររបស់ប្រទេសអ៊ីស្លង់ បានទទួលសិទ្ធិធ្វើការតិចម៉ោងជាងមុន ឱ្យតែពួកគេអាចរក្សាបាននូវផលិតភាពការងារល្អ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: